សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ

កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧:០៦ នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។ ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧:០៦ នាទី៕

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហេតុអ្វីថៃចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន

ថ្ងែនេះកាសែត The Nation របស់ថៃបានចេញផ្សាយ អំពីការបង្កើតក្រុមការងារ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែន ដែលភាគច្រើនកើតចេញពីការបង្ហោះសារប្រចាំថ្ងៃ លើបណ្តាញសង្គមដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន។ ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ ! ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។ ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន។