ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពរាម
FN ៖ ក្រោយជម្នះឧបសគ្គការរារាំង និងការចោទប្រកាន់នានាពីបណ្តាប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកនោះ នៅពេលសមិទ្ធផលជាច្រើននៃការធ្វើទំនើបកម្មមូលដ្ឋានទ័ពសមុទ្ររាម, មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងផែរាម ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិកនាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពរាម៖ សម្តេចធិបតី ហ៊ុន មា៉ណែត បានថ្លែងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ពាក់កណ្តាលខែមេសានេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងការសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម គឺបង្ហាញច្បាស់ពីចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន និងជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយថា ទំនាក់ទំនងកម្ពុជា-ចិន ធ្លាក់ចុះផងដែរ។…