ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនសុខ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីរីករាយ បានមកចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកអង្គសន្និបាតនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ភាគីពាក់ព័ន្ធដែលបានជួបជុំគ្នា ដើម្បីពិនិត្យ​ឡើងវិញនូវលទ្ធផលការងារ, ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គ ក្នុងការអនុវត្តការងារកន្លងមក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងមុខងារសាធារណៈសម្រេច បានរយៈពេល១ឆ្នាំកន្លងមកនេះ ក្នុងការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ, ជាពិសេសការជំរុញអនុវត្ត វិធានការគន្លឹះទាំង ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧…