ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន៥,០០០នាក់ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក

FN ៖ នៅរសៀលថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។ ជំនួបសំណេះសំណាលនៅរសៀលថ្ងៃនេះដែរជាការបន្តនូវគំរូសម្តេចតេជោ ហ៊ុន សែន ពេល​សម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់​ចំពោះវិស័យសារព័ត៌​មាន ហើយបានបង្កើតឱ្យមានជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀង​រាល់​ឆ្នាំ ពោលគឺបានធ្វើឡើងចំនួន​៥លើក​មកហើយ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួបជាមួយអ្នកសារព័ត៌មាននាឱកាសនេះ ពិតជាមានសារៈសំខាន់ក្នុងការស្វែង​យល់​បន្ថែមពីបញ្ហា និងកង្វល់នានារបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបាននិងកំពុងជួបបញ្ហាប្រឈមក្នុងប្រតិបត្តិការការងាររបស់ខ្លួន ក៏ដូចជាស្ថានភាពរួម​នៃ​ប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទឌីជីថល។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ក្នុងការនាំយកព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋនិងនាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍សង្គម សុខដុមរមនា និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួង​ព័ត៌​មាន…