ស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនីដំបូងបំផុតនៅកម្ពុជា ត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ, ៣ខែ ដើមឆ្នាំ២០២២ កំណើនយានយន្តអគ្គិសនីកើនឡើងជាង៦០០%

FN ៖ ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនអំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃយានយន្តអគ្គិសនី សំដៅលើកកម្ពស់ការប្រើប្រាស់ យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី នៅទីស្តីការក្រសួងតែម្តង ដែលជាស្ថានីយ៍ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ពិធីបើកសម្ពោធស្ថានីយ៍បញ្ជូលថាមពលយានយន្តអគ្គិសនី និងការតាំងពិព័រណ៍យានយន្តអគ្គិសនីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីឯកអគ្គរាជ្យទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តប្រចាំកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), លោកស្រីតំណាង Energy Lab និងលោកតំណាង SMMR/GIZ, តំណាងសហព័ន្ធសមាគមយានយន្តនៅកម្ពុជា និងតំណាងក្រុមហ៊ុនយានយន្តអគ្គិសនីផងដែរ។ លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនីនេះ គឺជាការបើកឡើងនូវប្រវត្តិសាស្រ្ត ថ្មីមួយរបស់កម្ពុជា ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារនិងអត្ថប្រយោជន៍នានានៃយានយន្តអគ្គិសនី សំដៅលើកកម្ពស់ការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជាឱ្យកាន់តែ ទូលំទូលាយថែមទៀត។ លោកទេសរដ្ឋមន្ត្រី…