យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួចក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង

FN៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញប្រកាសសមាសភាពក្រុមការងារ យុវជនគណបក្សខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។ នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងអង្គការចាត់តាំងចំណុះ ព្រមទាំងយន្តការចុះជួយគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប់ជាប្រចាំ។ ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លា និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ លោក ហ៊ុន ម៉ាណែត បានចាត់ទុកថា «យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង។ ដូច្នេះសូមខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពង្រឹង និងពង្រីកសក្តានុពលរបស់ ខ្លួនឱ្យកាន់តែរឹងមាំច្បាស់លាស់ទាំងផ្នែកសមត្ថភាពចំណេះដឹងជំនាញ និងផ្នែកចរិយាសម្បត្តិប្រកប ដោយគុណធម៌ សីលធម៌ រួមជាមួយនឹងស្មារតី និងសកម្មភាពចូលរួម ថែរក្សានូវសមិទ្ធផលដែល មានស្រាប់ឱ្យបានគង់វង្ស និងបន្តពង្រីកបន្ថែមទៀតនូវសមិទ្ធផលវិជ្ជមានថ្មីៗ សម្រាប់ជាប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន»។ លោកក៏សូមអរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលតែងជឿទុកចិត្ត និងគាំទ្រដោយឥតងាករេចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលភារៈដឹកនាំ កសាង និងអភិវឌ្ឍប្រទេសជាតិ…

សសយក បន្តបំផុសស្មារតីយុវជនឱ្យចូលរួម និងបម្រើ ការពារអធិបតេយ្យភាពទឹកដី

FN៖ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល សសយក ឆ្នាំ២០២២ នៅខេត្តសៀមរាបរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៨ ដល់២០ ខែមីនា។ ក្នុងពិធីបើកនៅថ្ងៃទី១៩ ខែមីនា លោក ហ៊ុន ម៉ានី ប្រធាន សសយក បានផ្តល់អនុសាសន៍ដល់គ្រួសារ សសយក ទាំងអស់ ត្រូវបន្តបំផុសស្មារតី និងឆន្ទៈ យុវជនឱ្យចូលរួមក្នុងបម្រើ និងការពារអធិបតេយ្យ បុរាណភាពទឹកដី និងរក្សាសន្ដិភាព និងសុខដុមរមនាជានិរន្ត។ កិច្ចប្រជុំគណៈកម្មាធិការកណ្ដាល សសយក ធ្វើឡើងស្របពេលកម្ពុជា បានសម្រេចបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលគ្រប់គ្រងបានជោគជ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្ដស្រោចវ៉ាក់សាំងតាមអភិក្រមផ្ការីកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោក ហ៊ុន ម៉ានី យល់ថា កិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងឱ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញពីការបើកទំព័រថ្មីនៃខេត្តសៀមរាបផងដែរ បន្ទាប់ពីខេត្តនេះបានប្រែមុខមាត់ថ្មីតាមរយៈការធ្វើទំនើបកម្ម និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ជាង១ឆ្នាំមកនេះ។ បន្ថែមពីនេះដែរ ប្រធាន សសយក ក៏បានចាត់ទុកសកម្មភាពរបស់យុវជន សសយក ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាពេលកន្លងមក ថាជាភារកិច្ចចាំបាច់ក្នុងការងារសង្គម និងមនុស្សធម៌…