កងទ័ពជើងគោកនៃកម្ពុជានិងនៃថៃ ចុះហត្ថលេខារួមគ្នាលើ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ” រវាងគ្នា

FN៖ នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង បន្ទាប់ពីបានចូលកាន់តំណែង។ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។ ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានសម្តែងមោទនភាពចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍរីកចម្រើនរួមគ្នាទាំងក្នុងពេលបច្ចុប្បន្ន និងសក្តានុពលបន្តទៅមុខ ជាពិសេសកិច្ចខិតខំប្រឹងប្រែងជួយគ្នា និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងពេលជួបគ្រោះយថាហេតុផ្សេងៗ ដូចជា៖ កិច្ចសហការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ជាដើម។ ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ថៃ ដែលបានដំណើរការបោះជំហានរីកចម្រើនទៅមុខ និងសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើនទាំងនៅក្នុងក្របខ័ណ្ឌជារួម និងក្នុងកម្រិតកងទ័ពជើងគោក ជាអាទិ៍ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ការអនុវត្តលំហាត់ហ្វឹកហ្វឺន និងការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ក៏ដូចជាការរក្សាបានទំនាក់ទំនងការងារជាប់ជាប្រចាំ រវាងបណ្តាអង្គភាពសំខាន់ៗចំណុះកងទ័ពជើងគោកទាំងពីរ ដែលនៅឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីបន្តរួមគ្នាសហការ អនុវត្តតាមបទបញ្ជា និងទិសដៅរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការថែរក្សាសន្តិភាព…