អនុញ្ញាតឱ្យវិស័យឯកជននាំចូលវ៉ាក់សាំងជំងឺកូវីដ១៩ ចែកចាយនៅកម្ពុជា

FN ៖ ក្រសួងសុខាភិបាល បានបើកផ្លូវឱ្យក្រុមហ៊ុនរកស៊ីផ្នែកឱសថអាចនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក មកចែកចាយនៅកម្ពុជា។ ក្នុងលិខិតជម្រាបទៅម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខាភិបាល ពិភពលោក ដើម្បីចែកចាយចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស។ ក្នុងលិខិតនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងជំងឺកូវីដ១៩ នៅក្នុងឃ្លាំងដើម្បីធានាឱ្យបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕