សម្រេចប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ននៅទូទាំងប្រទេស

FN ៖ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងសម្រេចប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ននៅទូទាំងប្រទេស នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។ ក្រសួងបានបញ្ជាក់ថា ដើម្បីជាវិធានការបង្ការកុំឲ្យមានការចម្លងកូវីដ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ ព្រមទំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ន នៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច៕

សម្រេចផ្អាកដំណើរការអាជីវកម្មហាងអ៉ីនធើណេត (Internet Coffee) ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍

FN ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយដោយសម្រេចផ្អាកដំណើរការ អាជីវកម្មហាងអ៉ីនធើណេត (Internet Coffee) ដើម្បីជាការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ សេចក្តីជូនដំណឹងរបស់លោកអភិបាលបានបញ្ជាក់ថា «ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំទៅៗ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការអាជីវកម្មសេវាអ៉ីនធើណេត វិស័យព័ត៌មាន នៅភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ម្ចាស់អាជីវកម្មហាងអ៉ីនធើណេតទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តន៍ការសម្រេចផ្អាកនេះឲ្យមានប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា ការសម្រេចផ្អាកដំណើរការអាជីវកម្មហាងអ៉ីនធើណេតនេះ មិនមែនជាការផ្អាកដំណើរការក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ីនធើណេត (ISP) នោះទេ៕