សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌា អនុវត្តន៍លើកិច្ចព្រមព្រៀងទាំងឡាយ ឱ្យបានជោគជ័យ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឥណ្ឌា ឱ្យអនុវត្តន៍លើកិច្ចព្រមទាំងឡាយដែលប្រទេសទាំងពីរបានចុះហត្ថលេខាកន្លងមក ឱ្យទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ សំណើសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យលោកស្រី ម៉ានីកា ចេន (Manika Jain) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ចូលជម្រាបលាក្នុងការបញ្ចប់បេសកកម្មការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជារបស់លោកស្រី។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបរបស់សម្តេចតេជោ និងលោកស្រីឯកអគ្គរដ្ឋទូតនៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានគូសរំលេចពីភាពល្អប្រសើរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ជាពិសេសក្នុងអាណត្តិការងារជាឯកអគ្គរដ្ឋទូតរបស់លោកស្រី ម៉ានីកា ចេន បាននាំមកនូវសមិទ្ធផលផ្លែផ្កាជាច្រើន សម្រាប់រួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃព្រទេសទាំងពីរ។ ក្នុងអាណត្តិការងាររបស់លោកស្រី បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាជាច្រើនទៀត ទៅកាន់ប្រទេសឥណ្ឌា។ ក្រៅពីនោះមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌា ដូចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានធ្វើដំណើរទស្សនកិច្ចមកាន់កម្ពុជា។ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះ…