សម្តេចតេជោ ហ៊ុន សែន ស្នើធនាគារពិភពលោក ដាក់កម្មវិធីការកសាងផ្លូវកម្ពុជា ដោយកែប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅស៊ូ២ជាន់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ធនាគារពិភពលោក ពិនិត្យមើលលទ្ធភាព ចូលរួមនៅក្នុងដាក់កម្មវិធីការកសាងផ្លូវ កែប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅស៊ូ២ជាន់វិញ ដោយសារមូលហេតុថា ធនាគារពិភពលោក កំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍតំបន់ជនបទនោះស្រាប់។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឲ្យលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ បើតាម លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចបានលើកឡើងពីសារៈសំខាន់ នៃហេដ្ឋារចនាសម្ព័ន្ធ។ សម្តេចបានមានប្រសាសន៍ថា កន្លងមក ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ គឺបានកំពុងតែអភិវឌ្ឍ ប៉ុន្តែត្រូវការធនធានច្រើន សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ននេះ។ លោកបានបន្តថា សម្តេចបានលើកឡើងថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ីនិងកូរ៉េ បានដើររួមគ្នា ដែលកសាងផ្លូវពីផ្លូវដីក្រហម ទៅកាន់ផ្លូវកៅស៊ូពីរជាន់…