សម្តេចតេជោ ហ៊ុន សែន៖ វៀតណាមសម្រេចផ្តល់ថាមពលអគ្គិសនីបន្ថែមពី២០០-២៥០មេហ្គាវ៉ាត់ ខណៈ៥០មេហ្គាវ៉ាត់នឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃនេះ

FN ៖ នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនហ្វ៊ុក បានសម្រេចផ្តល់បន្ថែមនូវថាមពលអគ្គិសនីចំនួនពី២០០ ទៅ ២៥០មេហ្គាវ៉ាត់ ដល់កម្ពុជាដែលកំពុងខ្វះខាត ខណៈការបន្ថែម៥០មេហ្គាវ៉ាត់ នឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃនេះតែម្តង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ នាយករដ្ឋមន្រ្តីវៀតណាមបានទូរស័ព្ទមកដោយថ្លែងផ្ញើសារថ្វាយ ពរចំពោះព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងអស់ នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។ សម្តេចតេជោបានបន្ថែមថា ក្រៅពីថ្លែងសារជូនពរនាយករដ្ឋមន្រ្តីវៀតណាម ក៏បានពិភាក្សាជាពិសេសលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងអំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីបង្កើនការ វិនិយោគទុនបន្ថែមទៀត ហើយជាពិសេសបំផុតនោះគឺវៀតណាមបានសម្រេចផ្តល់ថាមពលអគ្គិសនីបន្ថែមដល់កម្ពុជាពី២០០ ទៅ ២៥០មេហ្គាវ៉ាត់។ ការសម្រេចផ្តល់ភ្លាមៗរបស់វៀតណាមនេះជាដំណឹងដ៏ល្អ និងក្តីរីករាយសម្រាប់ប្រជាជនកម្ពុជា ដែលកំពុងទទួលរងនូវការខ្វះខាតចរន្តអគ្គិសនីប្រើប្រាស់នៅតាមគេហដ្ឋាន នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ។ ការសម្រេចផ្តល់បន្ថែមថាមពលអគ្គិសនីពីរដ្ឋាភិបាលវៀតណាមចំនួន៥០មេហ្គាវ៉ាត់ ធ្វើឡើងតាមសំណើរបស់សម្តេចតេជោ ហ៊ុន…