គ.ជ.ប ​ទទួល​អនុសាសន៍ពីស្ថាប័នចំនួន​៨ ពាក់ព័ន្ធសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

FN ៖ ​បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ (ប.ន.ក) អាណត្តិទី៣ ទៅកាន់ភាគីពាក់ព័ន្ធ ចំនួន​៣៣​ស្ថាប័នដើម្បីពិនិត្យ និងផ្តល់យោបល់រួចមក គ.ជ.ប បានទទួលអនុសាសន៍ ត្រលប់មកវិញពីស្ថាប័នចំនួន​៨​។ បើតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ គ.ជ.ប បញ្ជាក់ថា ស្ថាប័នទាំង៨នោះ រួមមាន៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ក្រសួងមហាផ្ទៃ, ក្រសួងព័ត៌មាន, គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សមាតុភូមិយើង, សហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម និងសមាគមជ័យលាភីបញ្ញាជនកម្ពុជា​។ គ.ជ.ប បន្ថែមថា ​រាល់អនុសាសន៍ទាំងអស់របស់ស្ថាប័នទាំងនេះ នឹងបង្ហោះនៅលើគេហទំព័រ គ.ជ.ប www.necelect.org.kh បន្ទាប់ពីអគ្គលេខាធិការដ្ឋាន បានរៀបចំដាក់តាមជំពូកនីមួយៗ រួចរាល់ ដើម្បីយកទៅពិភាក្សាក្នុងកិច្ចប្រជុំ គ.ជ.ប នៅពេលខាងមុខ មុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩៕