អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន ប្ដេជ្ញានៅចំពោះសម្ដេចតេជោ ហ៊ុន សែន ថានឹងជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងបន្ថែមទៀត

FN ៖ អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន លោក កាហ្ស៊ូយូគី ណាកាណេ (​Kazuyuki NAKANE) បានប្ដេជ្ញានៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ថាលោកនឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងបន្ថែមទៀត ខណៈដែលជប៉ុនបានមកបើកស្ថានកុងស៊ុល នៅទីក្រុងសៀមរាប ​​គឺឆ្លុះបញ្ចាំងអំពីទំនាក់ទំនង​រវាងកម្ពុជា និងជប៉ុន កាន់តែស៊ីជម្រៅថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ ក្រោយសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអនុរដ្ឋមន្ដ្រីការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ អនុរដ្ឋមន្ដ្រីការបរទេស បានបញ្ជាក់ទៀតថា លោកនឹងពិនិត្យមើលលើការងារទាំងឡាយណា ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានសម្រេចរួមមកហើយ ហើយជំរុញការងារទាំងនោះឲ្យ មានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ លោកសង្កត់ធ្ងន់ថា ទិសដៅរបស់ជប៉ុន​ក្នុងការរួមចំណែក​នៅក្នុងតំបន់ គឺជួយជំរុញការអភិវឌ្ឍ របៀងខាងត្បូងដែលក្នុងនោះមានការជំរុញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការចូលរួមចំណែកអភិវឌ្ឍកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ​ បណ្តាញខ្សែភ្លើងក៏ដូចជាការជួយជំរុញការអភិវឌ្ឍធន​ធានមនុស្ស​។ លោក អ៊ាង សុផល្លែត…