​សម្ដេចតេជោ ហ៊ុន សែន៖ សូមបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះខ្យល់កន្ដ្រាក់ និងរន្ទះ ដែលអាចកើតមាននៅតំបន់មួយចំនួន !

FN ៖ ពីទីលាយវាយកូនគោល ជាមួយនឹងអាកាសធាតុរកកល់ចង់ភ្លៀង សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជាថា «សូមបងប្អូនប្រុងប្រយ័ត្នចំពោះខ្យល់កន្ដ្រាក់ និងរន្ទះ ដែលអាចកើតមាននៅតំបន់មួយចំនួន ដូចដែលក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ»។ ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ​នៅថ្ងៃនេះសម្ដេចបានចេញទៅវាយកូនគោល ដើម្បីហាត់ប្រាណនាថ្ងៃឈប់សំរាក​ ខណៈដែលធាតុអាកាសក្តៅហើយហប់ និងមានភ្លៀងធ្លាក់ពីយប់​។ សូមបញ្ជាក់ថា ​ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា នៅថ្ងៃទី១-២ ខែមេសា ឆ្នាំ២០១៧នេះ កម្ពុជានឹងបាតុភូតធម្មជាតិចំនួន០៣ទៀត រួមមាន៖ កំណួចខ្យល់មកពីសមុទ្រចិនខាងត្បូង ជ្រលងសម្ពោធខ្ពស់ខ្សោយ និងការបំភាយកំដៅចេញពីសំបកផែនដី។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា នៅពេលដែលបាតុភូតធម្មជាតិចំនួន០៣ បានជួប​ប្រសព្វគ្នា នឹងធ្វើឲ្យបណ្តាខេត្តមួយចំនួន នៅទូទាំងប្រទេសរងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់៕