សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់សំណង និងប្រាក់ឧបត្ថម្ភជាង ១ម៉ឺនដុល្លារ ជូនលោកយាយម្នាក់ ដែលរងផលប៉ះពាល់ពី​ការសាង​សង់ផ្លូវលេខ២១

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់​ប្រាក់សំណង និង ប្រាក់ឧបត្ថម្ភសរុប​ប្រមាណ ១៥,៨៥១.៤១ដុល្លារអាមេរិក ជូនលោកយាយ​ម្នាក់ ដែលផលប៉ះពាល់ដោយសារការសាងសង់ផ្លូវ​ជាតិលេខ២១ ពីក្រុងតាខ្មៅឆ្ពោះ​ទៅ ច្រកព្រំដែនជ្រៃធំ ខេត្តកណ្តាល។ លោកយាយ ដែលទទួលបានប្រាក់សំណង និងប្រាក់ឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ មានឈ្មោះ មឿន សុផល រស់នៅភូមិព្រែកថ្មី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ តាមការចេញផ្សាយនៅលើទំព័រ Facebook របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកយាយ មឿន សុផល ទទួលបានប្រាក់សំណងពីផលប៉ះពាល់នៃការសាងសង់ផ្លូវជាតិលេខ២១ ចំនួន ៤,៦០១.១៦ ដុល្លារ។ តែដោយសារឃើញលោកយាយមានជីវភាពទីទ័លក្រខ្លាំង សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមចំនួន ១ម៉ឺនដុល្លារ និង៥លានរៀលបន្ថែមទៀត។ បើតាមការចេញផ្សាយដដែលនេះ បានបញ្ជាក់ទៀតថា ក្រៅពីការផ្តល់សំណង និងការឧបត្ថម្ភជាថវិកាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងឲ្យរកដីសាងសង់ផ្ទះ​ជូនលោកយាយថែមទៀតផង។…