សេចក្តីប្រកាសផ្លូវការ៖ «ថវិកាជាតិគ្រោង​ចំណាយ​សម្រាប់ឆ្នាំ​២០១៧ ចំនួន២០,១៨៤,៤៥៧លានរៀល ប្រហាក់ប្រហែល​៥,០៤៦លានដុល្លារ»

FN ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រទី២១ ខែតុលានេះ បានអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដោយគ្រោងចំណាយថវិកាប្រមាណជាង ៥ពាន់លានដុល្លារ សម្រាប់ការចំណាយរបស់ជាតិ នៅឆ្នាំ២០១៧ខាងមុខនេះ។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងច្បាស់ថា «ថវិកាជាតិឆ្នាំ២០១៧ ត្រូវបានគ្រោងក្នុងទឹកប្រាក់ ២០,១៨៤,៤៥៧ លានរៀលស្មើនឹង២២.៦៧% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គឺមានកំណើន១៥.៦% ធៀបនឹងថវិកាឆ្នាំ២០១៦»។ សេចក្តីប្រកាសបានបញ្ជាក់ទៀតថា ចំណាយចរន្តថវិកាថ្នាក់ជាតិឆ្នាំ២០១៧ មានទិសដៅជាយុទ្ធសាស្រ្តកំណត់ ចំណាយចរន្តឱ្យស្ថិតនៅកម្រិតចំនួន ១៣,០៥០,៦៨៦លានរៀល ប្រហាក់ប្រហែលនឹង៣,២៦២លានដុល្លារ ត្រូវជា១៤.៦៦% នៃផ.ស.ស. គឺមានកំណើន១៧% ធៀបទៅនឹងឆ្នាំ ២០១៦ ដែលក្នុងនោះ៖ ចំណាយលើបន្ទុកបុគ្គលិករួមមាន៖ បៀវត្សរ៍មានជាអាទិ៍មូលដ្ឋានប្រាក់ បំណាច់មុខងារ ប្រាក់ឧបត្ថម្ភ និវត្តជន លាភការ និងរង្វាន់ផ្សេងៗ សម្រាប់បុគ្គលិក ក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្រ្តីជាប់កិច្ចសន្យាត្រូវបានគ្រោងចំនួន ៦,៨០៤,០៥៩លានរៀល ប្រហាក់ប្រហែល១,៧០១លានដុល្លារ មានសមាមាត្រ ៥២.១៤% នៃចំណាយចរន្ត ថវិកាថ្នាក់ជាតិត្រូវជា ៧.៦៤% នៃផ.ស.ស. គឺមានកំណើន ២០.៧% ធៀបនឹងថវិកាឆ្នាំ២០១៦។ ក្នុងនោះបានគ្រោង៖…

គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលដាក់បញ្ចូលក្នុងរបៀបវារៈព្រឹកមិញ

FN ៖ សេចក្តីព្រាងច្បាប់ចំនួន៣ ដែលជារបៀបវារៈនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ត្រូវបានអនុម័តទាំងស្រុងហើយ បន្ទាប់ពីបើកកិច្ចប្រជុំអស់រយៈពេល១ព្រឹក។ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សេចក្តីព្រាងច្បាប់ចំនួន៣នោះ រួមមាន ទី១៖ សេចក្ដីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ទី២៖ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ និងទី៣៖ សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ជាដើម។ ក្រៅពីនោះ គណៈរដ្ឋមន្រ្តីក៏បានពិភាក្សាអំពីបញ្ហាផ្សេងៗមួយចំនួនទៀត។ ថវិកាចំណាយសម្រាប់ឆ្នាំ២០១៧ មានចំនួនប្រមាណជាង៥ពាន់លានដុល្លារ ដែលចំនួននេះកើនឡើង ១៥,៧% បើធៀបនឹងច្បាប់ឆ្នាំ២០១៦។ ការកើនឡើងចំណាយនេះបានផ្តោតសំខាន់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល វិស័យសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដំឡើងប្រាក់បៀវត្សរ៍ មន្រ្តីរាជរដ្ឋាភិបាល ក្នុងមុខតំណែង ឬហៅថា សមាជិករាជរដ្ឋាភិបាល ប្រហាក់ប្រហែលនឹងទ្វេដង នៅឆ្នាំ២០១៧ ខាងមុខនេះបើធៀបនឹងឆ្នាំ២០១៦៕