គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រៀងច្បាប់ទូរគមនាគមន៍

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៥, កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន បានអនុម័ត ១) សេចក្ដីព្រៀងច្បាប់ ស្ដីពីទូរគមនាគមន៍ ២) សេចក្ដីព្រៀងអនុក្រឹត្យ ស្ដីពីការបោះពុម្ព សារព្រមានលើកញ្ចប់ផលិតផលថ្នាំជក់ និងសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំសច្ចាប័នពីស្ថាប័ននីតិបញ្ញត្តិលើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ក្នុងឱកាស នោះ សម្តេចតេជោ បានលើកឡើងផងដែរ អំពីសេចក្តីថ្លែងការណ៍ និងការអធិប្បាយ កាលពីថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៥ ដើម្បីបំភ្លឺដល់ជនរួមជាតិកម្ពុជា ស្តីពី ផែនទីព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយបានចែកជូនឯកសារនោះដល់សមាជិក/កា នៃអង្គប្រជំុ គណៈរដ្ឋមន្ត្រី។