Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ការបន្តផ្ដល់ភាពកក់ក្ដៅ និងគោរពស្រឡាញ់ ជាដំបូង អនុញ្ញាតអោយខ្ញុំស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ពិសេស ក្មួយៗ កម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយខ្លាំងណាស់ ដែលបានមកសាកសួរសុខទុក្ខចំពោះក្មួយៗកម្មករ/ការិនី នៅតំបន់ទួលសង្កែរបស់យើងនេះ ដែលមាន(កម្មករ)រហូតទៅដល់ជាង ១៤.០០០ នាក់ មកពី ១០ រោង ចក្រ។ ខ្ញុំពិតជាមានការរំភើប រីករាយ ដែលក្មួយៗ ប្អូនៗ ចៅៗ ផ្ដល់នូវការស្រឡាញ់រាប់អានចំពោះខ្ញុំ ក្នុង ពេលដែលខ្ញុំមកកាន់ពិធីនេះ ក៏ដូចជាទៅកន្លែងដទៃទៀត។ ការស្រឡាញ់រាប់អាននេះ គឺជាប្រភពនៃការ លើកទឹកចិត្ត សម្រាប់អោយខ្ញុំបន្តនៅការខិតខំ ដើម្បីដោះស្រាយនូវបញ្ហានានាបន្តទៀត។ ហើយនេះ ក៏ បង្ហាញអោយឃើញអំពីការយល់ដឹង ដែលក្មួយៗបានយល់អំពីការដឹកនាំរបស់ពូក្នុងរយៈពេលកន្លងទៅ។ តាមរយៈនៃការយល់ដឹងរបស់ក្មួយៗ ជាកម្មករ/ការិនីនៅទីនេះ ក៏អាចបញ្ជាក់អោយបានដឹងថា ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ក៏ជាអ្នកយល់ដឹង ហើយក៏បានរួមដំណើរជាមួយពូ ក្នុងការរំដោះប្រទេសចេញពី របប ប៉ុល ពត ហើយរួមគ្នាដើម្បីកសាងប្រទេសរហូតមកដល់ដំណាក់កាលនេះ។ បញ្ហាសុខភាពដោយសាររលាកបំពង់ក/វិធីសាស្រ្តបង្រ្កាបប្រពន្ធកាច ថ្ងៃនេះ គឺខ្ញុំមានបញ្ហាសុខភាពបន្តិច។…
ស្ពានឆ្លងទន្លេសាប សមិទ្ធផលថ្មីរបស់កម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួម ដើម្បីបើកការដ្ឋានសាងសង់ ស្ពានបេតុងឆ្លងកាត់ទន្លេសាបពីទិសខាងកើត ទៅទិសខាងលិច (ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិ លេខ ៥) តភ្ជាប់រវាងទីក្រុងភ្នំពេញ និងជ្រោយចង្វារ។ ហើយក្នុងពេលជាមួយគ្នានេះដែរ ក៏មានការស្ថាបនា នូវ ស្ពានដែកជាបណ្ដោះអាសន្នដើម្បីឆ្លងកាត់នៅតំបន់នេះផងដែរ។ ខ្ញុំពិតជាមានការរីករាយ ដោយសារនេះវាជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រទេសកម្ពុជា និយាយជារួម ហើយវាជាសមិទ្ធផលរបស់ទីក្រុងភ្នំពេញនិយាយដោយឡែក។ ការអភិវឌ្ឍរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវអោយមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធជាចាំបាច់។ ថ្ងៃនេះ យើងបើកការដ្ឋានដើម្បីសាងសង់ស្ពានមួយកន្លែងទៀត នៅក្នុងចន្លោះស្ពានព្រែកព្នៅ និងស្ពានជ្រោយចង្វារ ដែលជាស្ពានមានរួចមកហើយ។ ហើយបើគិតនៅតាមទន្លេសាប ស្ពានថ្មីដែលយើងកសាងក្រោយពេលដែលយើងមានស្ពានជ្រោយចង្វារចាស់កសាងក្នុងទសវត្សរ៍ ៦០ ជាជំនួយរបស់ជប៉ុន ឥឡូវនេះ ស្ពានក៏កំពុងត្រូវជួសជុល។ យើងបានកសាងបន្ថែមនូវស្ពាន៖ ទី ១ ស្ពានជ្រោយចង្វារទី ២ ដែលហៅថា ស្ពានមិត្តភាពកម្ពុជាចិន។ ទី ២ ស្ពានព្រែកព្នៅ ដែលវិនិយោគដោយវិស័យឯកជន ហើយរាជរដ្ឋាភិបាលក៏ទើបនឹងទិញយក ដើម្បីយកមកប្រគល់សម្រាប់ការប្រើប្រាស់របស់ប្រជាជន។…
ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោក ស្រី ពិសេស ក្មួយៗ ចៅៗ កម្មករ/ការិនីទាំងអស់ចំនួនជាង ១៥.០០០ នាក់ ដែលបានអញ្ជើញចូលរួម នៅក្នុងពិធីសំណេះសំណាលនៅក្នុងថ្ងៃនេះ។ សង្ឃឹមថា ក្មួយៗ ចៅៗ នឹងបានទទួលនូវការសប្បាយរីក រាយនៃការជួបជុំនៅថ្ងៃនេះ។ ពិតមែនតែព្រះពិរុណ ដែលហៅថា ទឹកភ្លៀង មិនអនុគ្រោះសម្រាប់យើង នោះទេ។ អម្បាញ់មិញនេះ នៅតាមដងផ្លូវធ្វើដំណើរចូលមកដល់ទីនេះ ខ្ញុំ និងក្មួយៗចៅៗ ជាកម្មករ/ការិនី (រួមគ្នាដើរកាត់)ទឹកមួយចំនួន។ ហើយគិតទៅដល់រឿងនេះ កាលពី ២ ឆ្នាំមុន ខ្ញុំបានមើលឃើញនៅប្រ ទេសមួយ ដែលមានត្រឹមតែចៅហ្វាយខេត្ត ចៅហ្វាយស្រុកតែប៉ុណ្ណោះ ចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ ប៉ុន្តែចៅហ្វាយស្រុក ឬក៏ចៅហ្វាយខេត្តរូបនោះ បែរជាដាក់អោយគេ សែង ដើម្បីឆ្លងកាត់(ទឹក) គាត់អត់ហ៊ាន(ដើរ)ក្នុងទឹកទេ។ ប៉ុន្តែ(មិនជាលំបាក)សម្រាប់យើងទាំងអស់គ្នា នៅទីនេះ (ព្រោះយើង)សុទ្ធតែជាអ្នកដែលកើតចេញពីអ្នកក្រីក្រ។ ដូចជាខ្លួនខ្ញុំនេះ កើតក្នុងទឹកតែម្ដង ដោយសារតែវាជាឆ្នាំរោង ហើយនៅជាប់ទន្លេ វាជាទឹកធំ។…