Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

២៤ មិថុនា  រាជរដ្ឋាភិបាលនឹងប្រកាសជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩”

បងប្អូនជនរួមជាតិ និងក្មួយៗជាទីនឹករឮក! ទោះបីខ្ញុំមិនបានចុះទៅជួបបងប្អូនកូនក្មួយដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាមរោងចក្រសហគ្រាសនានា ប៉ុន្តែសេចក្តីនឹករឮករបស់ខ្ញុំតែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នាជានិច្ច។ ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លង កូវីដ-១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានាដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធ ទី២៤ មិថុនា ខាងមុខនេះ យើងនឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩”។ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពកុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ។ ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសគ្លីនិក និងមន្ទីរពេទ្យព្យាបាលទាំងរដ្ឋ និងឯកជន ត្រូវមានទឹកអាល់កុល និងម៉ាស ដើម្បីអោយពលរដ្ឋ ឬអតិថិជនប្រើប្រាស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់ ព្រោះតែការមើលស្រាល និងការធ្វេសប្រហែស។ សូមជូនពរបងប្អូនចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយនៅទូទាំងប្រទេស៕

សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទដ្រា ម៉ូឌី ជួបគ្នាតាមទូរស័ព្ទ

នៅថ្ងៃទី ១០ មិថុនា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានជួបពិភាក្សាការងារតាមទូរស័ព្ទដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ព្រមទាំងពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងកិច្ចការនៅក្នុងតំបន់ផងដែរ។ ក្នុងជំនួបតាមទូរស័ព្ទនោះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានកោតសសើរសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងបានយ៉ាងល្អប្រសើរ ជំងឺកូវីដ១៩ ដែលអាចជាគំរូសម្រាប់ពិភពលោក។ លោក ណារិន្ទដ្រា ម៉ូឌី បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ឥណ្ឌាចាត់ទុកកម្ពុជា ជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតខ្លួន (Act East Policy) […] តាមរយៈវិស័យចំនួន ៤ គឺ (១) ការការពារសន្តិសុខមហាសមុទ្រឥណ្ឌា (២) សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ (៣) ការធ្វើឲ្យស៉ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយការធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចនានា និង (៤) ការគ្រប់គ្រងជម្លោះជាមួយប្រទេសចិន។ ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៉ីជម្រៅថែមទៀត […]…

សារលើហ្វេសប៊ុក អំពីការបើកទីផ្សារនាំស្វាយស្រស់ កម្ពុជា ទៅកាន់ប្រទេសចិន

ខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយស្រស់ កម្ពុជា ទៅកាន់ប្រទេសចិន ដែលនៅថ្ងៃទី ៩ ខែ មិថុនា ២០២០ នេះ គឺកម្ពុជា និងមិត្តចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន”។ អរគុណចំពោះលោកអគ្គរដ្ឋទូតចិន និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជំរុញការងារនេះរហូតឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃនេះ។ នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករ ដែលកំពុងវិនិយោគលើដំណាំស្វាយ ដែលកំពុងមានក្តីកង្វល់ព្រោះមានចំការជាច្រើន ដែលមានស្វាយទុំជ្រុះចោល ហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។ បើតាមព័ត៌មានទទួលបាន គឺមានអាជីវករបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០ លើផ្ទៃដី ២១.២៨៦ ហិកតា។ យើងសង្ឃឹមថា ក្រោយពីអគ្គនាយកដ្ឋានកសិកម្មចុះត្រួតពិនិត្យ និងវាយតម្លៃលើចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចហើយ គឺនឹងឈានដល់ការនាំចេញផលិតផលស្វាយខ្មែរនៅពេលឆាប់នេះមិនខាន។ តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិន នឹងផ្តល់ការងារនិងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេស នៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩។ សូមបងប្អូនប្រជាកសិករ និងពាណិជ្ជករពង្រឹងបច្ចេកទេសដាំដុះឲ្យមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីយើងអាចមានលទ្ធភាពកែឆ្នៃផ្លែស្វាយ ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន។ អ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ(SPS) ឲ្យបានល្អ ដែលអាចទទួលយកបាននៅក្រៅប្រទេស៕