Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន; ឯកឧត្តម, លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី; ជាបឋម, ខ្ញុំសូមសម្តែងនូវសេចក្តីរីករាយ និងត្រេកអរយ៉ាងក្រៃលែង ដោយបានចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំ វេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» ដ៏មានសារៈសំខាន់នេះឡើង។ ក្នុងបរិការណ៍ដែលពិភពលោកទាំងមូល បាននិងកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការរៀបចំវេទិកានេះ គឺជាការក្រើនរំលឹកកុំឱ្យយើងទាំងអស់គ្នា បំភ្លេចចោលនូវបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ដែលទាមទារឱ្យបន្តមានការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ តាមរយៈការគិតគូរជាប់ជានិច្ច ក្នុង ការស្វែងរកដំណោះស្រាយសកលរួម។ ក្នុងបរិការណ៍ដែលបណ្តាប្រទេសជាច្រើន បាននិងកំពុងគិតគូររៀបចំផែនការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ, ការរៀបចំវេទិកានេះ នឹងបង្កើតជាកាលានុវត្តភាពដ៏ល្អមួយ ក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍថាមពលកាបូនទាប សំដៅដោះស្រាយបញ្ហាថាមពល អាកាសធាតុ និង បរិស្ថាន និងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ។…
ផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម លោកជំទាវ អភិបាលខេត្ត-រាជធានី! ការបិទសាលានាពេលកន្លងមក ដើម្បីការពារអាយុជីវិតគ្រូបង្រៀន សិស្សានុសិស្សពីជំងឺកូវីដ-១៩ កន្លងទៅខ្ញុំបានផ្តល់មតិខ្លះៗ ជូនទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ពាក់ព័ន្ធជាមួយនឹងបញ្ហាការបើកសាលារៀនឡើងវិញ។ កន្លងទៅយើងបានបិទសាលារៀនរបស់យើង គឺសំដៅការពារចំពោះគ្រូបង្រៀន ក៏ដូចជា កុមារា/រី សិស្សានុសិស្សរបស់យើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះជាការចាំបាច់ ដើម្បីនឹងការពារអាយុជីវិត សម្រាប់គ្រូបង្រៀន យុវជន/នារី និងកុមាររបស់យើង ប៉ុន្តែ អាស្រ័យដោយពិនិត្យឃើញថា នៅទូទាំងប្រទេសរបស់យើងជំងឺកូវីដ-១៩ បានឆ្លងដាច់ដោយដុំ ហើយប្រមូលផ្តុំនៅតាមទីក្រុង (និង/ឬ)ទីប្រជុំជនភាគច្រើន។ ឯតំបន់ជនបទ គឺហាក់ដូចជាបានកើតឡើងតិចតួចណាស់ ហើយខេត្តខ្លះស្ទើរតែពុំមានទៀតផង ប៉ុន្តែ សាលាទាំងនោះយើងក៏បានបិទផងដែរ។ ស្នើរដ្ឋមន្ត្រីក្រសួងអប់រំពិភាក្សាជាមួយបណ្តារាជធានី-ខេត្ត បើកសាលានៅទីតាំងដែលពុំមានការឆ្លង ខ្ញុំស្នើឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយនឹងបណ្តាខេត្ត-រាជធានី ដើម្បីកំណត់បើកសាលារៀននៅតាមទីតាំងមួយចំនួន ដែលពុំមានជំងឺឆ្លងកើតឡើង។ យើងកំពុងចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យអាយុពី ១២ ឆ្នាំ-១៨ ឆ្នាំ។ ស្ថានភាពចាក់វ៉ាក់សាំងមកដល់ពេលនេះ ក្នុងចំណោមកុមារ និងយុវវ័យ ដែលមានអាយុពី…
ឯកឧត្តម លោកជំទាវ អភិបាលខេត្តរាជធានី ថ្ងៃនេះ យើងបានរកឃើញអំពីចំណុចមួយចំនួន ដែលចាំបាច់ត្រូវតែកែសម្រួលជាបន្ទាន់។ ថ្ងៃមិញ ខ្ញុំបានបញ្ជាក់អំពីបញ្ហាខេត្តដែលបានចាក់លើសផែនការ ដូចជា ខេត្តរតនគិរី ដែលមានប្រជាជនជាង ១២ ម៉ឺននាក់ ប៉ុន្តែ ចាក់បានដល់ជាង ១៣ ម៉ឺននាក់ គឺជាចំណុចដ៏ល្អ ដែលប្រជាជនទៅដល់ទីណាមានវ៉ាក់សាំងចាក់នៅទីនោះ ដែលយើងត្រូវយកគំរូនេះទៅអនុវត្តនៅកន្លែងផ្សេង។ ឲ្យតែប្រជាជនដែលរស់នៅលើទឹកដីកម្ពុជា គឺយើងចាក់ជូនទាំងអស់ រាប់ទាំងអាណិកជនផងដែរ។ ប៉ុន្តែ យើងក៏បានឃើញថា ក៏មានខេត្តដែលចាក់បានតិចជាងចំនួនអ្នកដែលមិនទាន់ចាក់ ហើយក៏មានខេត្តដែលនៅសេសសល់ប្រជាជនមួយចំនួនមិនទាន់បានចាក់ ដូចជា ថ្ងៃនេះ ខ្ញុំបានពិនិត្យទាក់ទងនឹងកំពង់ឆ្នាំង ទាក់ទងនឹងត្បូងឃ្មុំ និងទាក់ទងនឹងខេត្តពោធិ៍សាត់ដែលឥឡូវនេះខេត្តទាំង ៣ កំពុងមកទីក្រុងភ្នំពេញដើម្បីទទួលយកវ៉ាក់សាំងទាំងយប់ បន្ទាប់ពីបទបញ្ជារបស់ខ្ញុំទៅកាន់លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការជាតិសម្រាប់ការចាក់វ៉ាក់សាំង។ ខ្ញុំសូមដាក់ចេញនូវបទបញ្ជា ឲ្យឯកឧត្តម លោកជំទាវ អភិបាលខេត្ត–រាជធានីទាំងអស់ កិច្ចការដែលជាអាទិភាពទី ១ ត្រូវតែជាកិច្ចការប្រឆាំង កូវីដ–១៩។ ក្នុងការប្រយុទ្ធប្រឆាំងនឹង កូវីដ–១៩ នេះ អាទិភាពទី ១ ត្រូវតែទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលលើបញ្ហាការចាក់វ៉ាក់សាំង ដែលជាគោលនយោបាយអាទិភាពធំបំផុតរបស់យើងនៅពេលនេះ។ ខ្ញុំសូមបញ្ជាក់ថា ហាមដាច់ខាតមិនឲ្យមានវ៉ាក់សាំងដេកនៅក្នុងឃ្លាំង…