សុន្ទរកថា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣
ឯកឧត្តមប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ឯកឧត្តម លោកជំទាវ តំណាងប្រទេសដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣ នៅក្រុងសៀមរាប ទឹកដីសម្បូរដោយប្រាង្គប្រាសាទ និងអច្ឆរិយភាព ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ»។ ជាថ្មីម្តងទៀត កិច្ចប្រជុំកំពូលថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ហើយក៏ជាការជួបជុំដ៏សំខាន់មួយសម្រាប់យើងពិនិត្យឡើងវិញនូវវឌ្ឍនភាព ក៏ដូចជាដើម្បីកំណត់ និងដាក់ចេញនូវទិសដៅជាយុទ្ធសាស្រ្តទៅមុខ សំដៅធានាឲ្យគណៈកម្មការទន្លេមេគង្គអនុវត្តនូវភារកិច្ច និងបេសកកម្មរបស់ខ្លួន បានរឹតតែប្រសើរ និងកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់អាងទន្លេមេគង្គរបស់យើង។ ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជារួម ខ្ញុំយល់ថា កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌគណៈកម្មការទន្លេមេគង្គ មានការវិវឌ្ឍរីកចម្រើនក្នុងសន្ទុះមួយប្រកបដោយថាមពល ក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ពិសេសដោយរក្សាបាននូវតុល្យភាពអេកូឡូស៊ី នៃអាងទន្លេមេគង្គ។ ជាក់ស្តែង ក្នុងអំឡុង ៤ ឆ្នាំ កន្លងមកនេះ…