Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ការកែសំរួលសមាជិករាជរដ្ឋាភិបាលជាដំណើរការធម្មតា ថ្ងៃនេះ ខ្ញុំមានការចាំបាច់ ដើម្បីនិយាយទៅកាន់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជានិយាយទៅកាន់បណ្ដាស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អស់លោក លោកស្រីដែលជាអ្នកសារព័ត៌មាន បានតាមដានហើយ។ ថ្ងៃនេះ ខ្ញុំមិនមែនតែចង់និយាយជាមួយនឹងអស់លោកទេ ក៏ប៉ុន្តែពិធីនេះ ខ្ញុំចង់និយាយទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ អម្បាញ់មិញ អស់លោកបានដឹងហើយ អំពីការកែសម្រួលសមាជិករាជរដ្ឋាភិបាល តាមការចាំបាច់។ បញ្ហានេះ ក៏ត្រូវបានបោះឆ្នោតនៅព្រឹកនេះផ្ដល់ការជឿទុកចិត្តពីសំណាក់សភារួចរាល់ហើយ។ វាជាដំណើរការធម្មតាមួយ ដែលខ្ញុំគិតថា មិនមានការចាំបាច់ ដើម្បីនឹងធ្វើការបកស្រាយទេ។ ខ្ញុំក៏បានដឹងថា មនុស្សមួយចំនួន ទាល់តែខ្ញុំដកមនុស្សចេញទាំងអស់ ហើយដាក់ពួកគេមកធ្វើរដ្ឋមន្រ្តីនោះ ទើបពួកគេអាចសប្បាយចិត្តទៅបាន។ ប៉ុន្តែសូម(ចាំពេល)អ្នកធ្វើនាយករដ្ឋមន្រ្តីខ្លួនឯងទៅចុះ ចាំធ្វើបែបនោះ ឬធ្វើបែបណាក៏បាន តាមបំណងរបស់គេ។ (២) ហេតុអ្វី ត្រូវធ្វើច្បាប់ “ដាក់ប្រទេសក្នុងគ្រាមានអាសន្ន” អ្វីដែលខ្ញុំចង់បញ្ជាក់ជូននៅថ្ងៃនេះ សម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺទាក់ទងជាមួយនឹងការរៀបចំច្បាប់ ដើម្បីគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន។ កាលពីសប្ដាហ៍មុន ខ្ញុំបាននិយាយជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហើយខ្ញុំបានកំពុងសិក្សាអំពីលទ្ធភាពនៃការអនុវត្តមាត្រាទី ២២ នៃរដ្ឋធម្មនុញ្ញ។ ឥឡូវសេចក្ដីព្រាងច្បាប់បានធ្វើរួចរាល់ហើយ។ ខ្ញុំនឹងដឹកនាំការប្រជុំអចិន្ត្រៃយ៍គណៈរដ្ឋមន្រ្តីនៅថ្ងៃស្អែក ថ្ងៃទី ៣១ នេះ ដើម្បីពិនិត្យ មុនពេលដាក់ប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះតែម្ដង។ ហេតុអ្វីបានជាយើងត្រូវធ្វើច្បាប់នេះឡើង? ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋ…
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ការលះបង់ឆ្លុះបញ្ចាំងពី ការតម្រង់ឆ្ពោះទៅរកអនាគត នៃការបម្រើប្រជាជនពិតប្រាកដ ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានជួបជាមួយក្មួយៗ។ ថ្ងៃនេះ ក៏ជាពេលវេលាដែលខ្ញុំត្រូវបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ សង្ឃឹមថា ស្ថានីយវិទ្យុ ទូរទស្សន៍ទាំងឡាយខិតខំធ្វើការផ្សាយបន្តផ្ទាល់នេះ ព្រោះនេះមិនគ្រាន់តែជាវេទិកានៃការជួបជុំសម្រាប់គ្រូពេទ្យស្ម័គ្រចិត្តមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏ជាពេលវេលាដែលខ្ញុំត្រូវបញ្ជូនសារទៅកាន់ក្របខណ្ឌទូទាំងប្រទេស។ អនុញ្ញាតឱ្យខ្ញុំសំដែងនូវការស្វាគមន៍ និងកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់ក្មួយៗ ដែលជាគ្រូពេទ្យ ក៏ដូចជានិស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជាមួយសត្រូវឥតស្រមោល គឺ Covid-19។ ការប្ដេជ្ញាចិត្តរបស់ក្មួយៗ ដែលពូបានដឹងថា សូម្បីតែមាតាបិតាខ្លះមិនអនុញ្ញាតឱ្យក្មួយៗចូលរួមទេ ដោយមានការភ័យខ្លាច។ ក៏ប៉ុន្តែក្មួយៗបានតាំងចិត្ត ដើម្បីចូលរួមជាមួយនឹងយុទ្ធនាការមួយ ដែលមិនដឹងថាសត្រូវនៅទីណាឱ្យពិតប្រាកដ។ សមរភូមិលើបញ្ហាសុខភាពសាធារណៈនេះ វាខុសគ្នាឆ្ងាយជាមួយនឹងសមរភូមិយោធា។ សមរភូមិយោធា គេអាចដឹងបានថា សត្រូវនៅទីណា កាំភ្លើងធំឯណា មីនបង្កប់នៅកន្លែងណា។ ក៏ប៉ុន្តែ Covid-19 ឬក៏ហៅថាជំងឺឆ្លងនេះ គ្មានរូបភាពពិតប្រាកដទេ។ យើងមើលមិនឃើញទេ។ មិនដឹងថា វានៅទីណាពិតប្រាកដ។ ដូច្នេះ អ្វីដែលជាលះបង់របស់ក្មួយៗនៅពេលនេះ គឺវាមានតម្លៃធំធេងមហាសាល ដែលមិនអាចកាត់ថ្លៃបានទេ។ ពូសុំយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះក្មួយៗ។…
សម្តេច ឯកឧត្តម លោកជំទាវ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត ឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនជនរួមជាតិជាទីមេត្រី! រាត្រីនេះខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមនៅក្នុងពិធីបុណ្យទន្លេលើកទី ៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» ដែលប្រព្រឹត្តទៅយ៉ាងអធិកអធមនាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមានសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ និងញាតិមិត្តក្នុងពិធីបុណ្យទន្លេ ដែលជាការបង្ហាញអំពីសាមគ្គីភាព ហើយក៏ជាការចូលរួមផ្សព្វផ្សាយដើម្បីជំរុញកំណើនទេសចរណ៍ តាមដងទន្លេកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការអន្តរក្រសួង ក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំបង និងវិស័យឯកជនដែលបានរួមសហការគ្នាយ៉ាងសកម្មរៀបចំពិធីបុណ្យដ៏មានសារៈសំខាន់នេះ។ ការរៀបចំឱ្យមានបុណ្យទន្លេជារៀងរាល់ឆ្នាំ គឺជាការបង្ហាញអំពីសក្តានុពលទេសចរណ៍តាមដងទន្លេកម្ពុជា ជាពិសេសខេត្តបាត់ដំបងដែលស្ថិតនៅប៉ែកពាយព្យ និងចំកណ្តាលនៃបណ្តាខេត្តសំខាន់ៗនៃប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលសម្បូរបេតិកភណ្ឌវប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិ រមណីយដ្ឋានទេសចរណ៍ ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ និងកសិទេសចរណ៍ សំណង់ ស្ថាបត្យកម្មដ៏ប្រណតិជាច្រើនកនែ្លងដែលបន្សល់ទុកដោយឤណានិគមបារាំង និងកំពុងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានមកកម្សាន្ត និងសិក្សាស្វែងយល់។ បច្ចុប្បន្ន វិស័យទេសចរណ៍កម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង។ ជាក់ស្តែង…