Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ផ្ដល់អាទិភាពខ្ពស់លើការសង្គ្រោះអាយុជីវិត សូមគោរពបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់។ ថ្ងៃនេះ យើងជួបជុំគ្នា បន្ទាប់ពីប៉ុន្មានឆ្នាំមុននោះ នៅទីនេះដែរ សម្ពោធផ្លូវលេខ ៥៦ ហើយក៏មានពេលមកកាលពីខែកុម្ភៈកន្លងទៅនេះ សម្ពោធផ្លូវលេខ ៥៨។ អញ្ចឹងទេ ទៅមកៗជាមួយអ្នកបន្ទាយមានជ័យនេះ ដូចជាមិនសូវខានទេ។ ២០១៩ ដូចជាមកភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ។ ប៉ុន្តែ ថ្ងៃនេះ យើងមកក្នុងស្ថានភាពមួយដែលយើងបានដឹងទាំងអស់គ្នាហើយ ពិសេសបងប្អូនប្រជាពលរដ្ឋរបស់យើងខ្លួនឯងដែលជាអ្នករងគ្រោះផ្ទាល់។ ខ្ញុំសូមយកឱកាសនេះ សូមនាំមកនូវរាជបណ្ដាំសាកសួរសុខទុក្ខ ចំពោះប្រជាពលរដ្ឋទាំងអស់ ពីសំណាក់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ និងសម្ដេចម៉ែ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ជាមួយនឹងសុខទុក្ខរបស់ប្រជារាស្រ្ត។ ថ្ងៃនេះ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលបានអមដំណើរខ្ញុំមកទីនេះ គឺដើម្បីចូលរួមជាមួយនឹងការលំបាករបស់ប្រជាពលរដ្ឋរបស់យើង ហើយនៅក្នុងទីតាំងស្រុកថ្មពួកនេះ គឺយើងដឹងថា ផ្នែកខាងថ្មពួកនេះមានជនរងគ្រោះ(ដល់អាយុជីវិត ដែល) អនុញ្ញាតឱ្យខ្ញុំបានចូលរួមនូវមរណទុក្ខ ការសោកស្ដាយជាមួយគ្រួសារសព។ ខេត្តបន្ទាយមានជ័យមានរហូតទៅដល់ ១៨ នាក់ ថែម ១ យប់មិញទៀត ឡើង ១៩ នាក់ហើយ ដែលបានរងគ្រោះ។ អញ្ចឹង ខេត្តបន្ទាយមានជ័យ…
ខូចខាតទ្រព្យសម្បត្តិ/ផលដំណាំ ប៉ុន្តែប្រាកដថាបានរស់រានមានជីវិត … បងប្អូនជនរួមជាតិ។ ថ្ងៃនេះ បើទោះបីជាទឹក ជំនន់ យាយីយើង ក៏ប៉ុន្តែយើងបានជួបគ្នាក្នុងទឹកមុខរីករាយ ដោយសារតែយើងបានមកកាន់តំបន់ដែលមានសុវត្ថិភាព ហើយយើងបានដឹងខ្លួនឯងយ៉ាងច្បាស់ថា ក្នុងគ្រួសារនីមួយៗ បើទោះបីមានការខូចខាតទ្រព្យសម្បត្តិ ផលដំណាំ ប៉ុន្តែ ហោចណាស់យើងប្រាកដក្នុងចិត្តថា យើងបានរស់រានមានជីវិត ក្រោយពេលដែលយើងត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ឬក៏នៅនឹងកន្លែងដែលយើងមានផ្ទះខ្ពស់ក្នុងការស្នាក់អាស្រ័យ។ ខ្ញុំពិតជាមានការរីករាយ ជាមួយនឹងទុក្ខក្រៀមក្រំ ហើយទុក្ខក្រៀមក្រំនោះ គឺការចូលរួមមរណទុក្ខចំពោះអ្នកដែលបានបាត់បង់ជីវិតនៅក្នុងខេត្តបន្ទាយមានជ័យ ដែលរហូតមកដល់ពេលនេះមានរហូតទៅដល់ ១៨ នាក់ ក្នុងចំណោម ៣៤ នាក់ នៅទូទាំងប្រទេស … មុននឹងចូលទៅដល់បញ្ហាដទៃទៀត អនុញ្ញាតឱ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ ពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្ដេចព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជូនចំពោះបងប្អូនជនរួមជាតិ ហើយក៏បានសម្ដែងនូវកង្វល់ ព្រមទាំងសមានទុក្ខចំពោះអ្នកដែលបានបាត់បង់។ នឹងត្រឡប់មកបន្តចែកជំនួយនៅបន្ទាយមានជ័យម្ដងទៀតថ្ងៃសៅរ៍ ថ្ងៃនេះ បើទោះបីថាខ្ញុំបានមកយឺតបន្តិច ក៏ប៉ុន្តែ មិនទាន់ហួសពេលទេ។ ខ្ញុំសូមអភ័យទោស ដែលទុកឱ្យបងប្អូននៅចាំនៅទីនេះយូរ ដោយសារខ្ញុំជាប់កម្មវិធីនៅដំណាក់ទី ១ នៅក្បែរសិរីសោភ័ណអម្បាញ់មិញ ហើយនៅទីនោះគ្មានដំបូលទេ គឺយើងជួបគ្នានៅកណ្ដាលថ្ងៃ។ តែនៅទីនេះ យើងមានដំបូលជ្រក…
… ថ្ងៃក្រោយជាបទពិសោធន៍ កាលណាជួបជាមួយប្រជាពលរដ្ឋដែលលំបាក (ការរៀបចំឱ្យ)មានតុ(វេទិកា) យ៉ាប់បន្តិច។ ខ្ញុំព្រះករុណាខ្ញុំ ធុញនឹងមន្ត្រីរបស់យើង ដែលចុះមូលដ្ឋាន បែរជាមានតុអធិបតី វេទិកា ហើយប្រជាជនអង្គុយនៅមុខក្តៅ ហើយនិយាយព្រោកប្រាជ្ញនៅហ្នឹងហើយ។ បំបាត់ទម្លាប់ហ្នឹងខ្លះទៅ។ ឥឡូវ គេរៀបចំឱ្យខ្ញុំព្រះករុណាខ្ញុំ មានតុ(វេទិកា)។ នាំមកជូននូវព្រះរាជបណ្ដាំសួរសុខទុក្ខ និងចូលរួមសំដែងមរណទុក្ខ ដំបូង, ខ្ញុំសូមគោរព លោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅទីនេះ ក្នុងគ្រាដ៏លំបាកនេះ។ អនុញ្ញាតឱ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីសំណាក់ព្រះករុណា ព្រះបាទនរោត្តម សីហមុនី និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ គឺសម្ដេចម៉ែ ដែលព្រះអង្គបានផ្ដាំផ្ញើ តាមរយៈខ្ញុំ និងតាមរយៈព្រះរាជសាររបស់ព្រះអង្គមកដល់ខ្ញុំ ជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ ខ្ញុំក៏សូមយកឱកាសនេះ សំដែងមរណទុក្ខចំពោះអ្នកដែលបាត់បង់ជីវិតនៅ ខេត្តបន្ទាយមានជ័យ និយាយដោយឡែក និងនិយាយដោយរួមនៅទូទាំងប្រទេស ដែលមកដល់ពេលនេះ មានរហូតដល់ ៣៤នាក់ (ក្នុង)នោះខេត្តបន្ទាយមានជ័យគ្របដណ្ដប់ទៅដល់ ១៨ នាក់រួចទៅហើយ។ ខ្ញុំសូមយកឱកាសនេះចូលរួមមរណទុក្ខជាមួយគ្រួសារសព។ គួរឱ្យអាណិតអាសូរចំពោះអ្នកនៅស្រុកថ្មពួកម្នាក់ ដែលលោតទៅសង្គ្រោះកូន ក៏ប៉ុន្តែទទួលការបាត់ជីវិតខ្លួនឯង ដែលទើបរកឃើញសពពីម្សិលមិញនេះ។ បន្ទាយមានជ័យ ជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរជាងគេ នេះជាគ្រោះមហន្តរាយមួយ ដែលប្រទេសរបស់យើងបានជួបប្រទះ ហើយ(បាន)កើតឡើងនៅក្នុងស្ថានភាពដ៏លំបាក…