Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ចាប់ផ្តើមនូវសករាជថ្មីនៃហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! សូមគោរពបងប្អូនជនរួមជាតិជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលយើងចាប់ផ្តើមនូវសករាជថ្មី ទាក់ទងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរបស់យើង។ អម្បាញ់មិញ ឯកឧត្តម គួច ចំរើន បានធ្វើរបាយការណ៍ទាក់ទិនជាមួយនឹងការអភិវឌ្ឍគម្រោងនេះ ក៏ដូចជាលក្ខណៈបច្ចេកទេសមួយចំនួន … ហេតុអ្វីបានជាយើងត្រូវចាប់ផ្តើមនៅពេលនេះ? ប្រហែលប្រជាជននៅខេត្តព្រះសីហនុរបស់យើងនៅចាំបានសោកនាដកម្មរលំអគារ ៩ ជាន់។ ពេលនោះ ខ្ញុំបានចេញដំណើរ(ទៅក្រុងបាងកក) ក្រោយពេលរលំប្រមាណជា ៣ ម៉ោង។ ខ្ញុំមិនអាចបញ្ឈប់ការធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីការចូលរួមប្រជុំអាស៊ានបានទេ ប៉ុន្តែពីទីក្រុងបាងកក ខ្ញុំបានទទួលនូវរបាយការណ៍ជាប់ជានិច្ចពីក្រុងព្រះសីហនុ អំពីប្រតិបត្តិការសង្គ្រោះ ហើយក៏បានផ្តល់បទបញ្ជាដែលតាមរយៈពេលចន្លោះនៃការប្រជុំម្តងៗ និងក្នុងពេលយប់មកកាន់ទីនេះ រាប់ទាំងថវិកាសម្រាប់ជួយទៅដល់បងប្អូនដែលស្លាប់ និងរបួសផងដែរ។ អារម្មណ៍មិនអស់ចិត្ត ឬវិញ្ញាណពិសេស សង្គ្រោះបានជីវិតពីរចុងក្រោយ ប៉ុន្តែ រឿងដែលគួរឱ្យចាប់អារម្មណ៍ នៅពេលដែលខ្ញុំធ្វើដំណើរត្រឡប់មកវិញ ចុះតែពីលើយន្តហោះ ហៀបនឹងឡើងឡានធ្វើដំណើរទៅផ្ទះ ហាក់ដូចជាលឺសម្លេងស្រែកឱ្យជួយតែម្តង។ ខ្ញុំមិនដឹងថាវាជាវិញ្ញាណទីប៉ុន្មានសម្រាប់ខ្ញុំទេ? បន្ទាប់ពីទៅដល់ផ្ទះ និងចុះហត្ថលេខាលើឯកសារមួយចំនួន ខ្ញុំក៏បានងូតទឹក និងទទួលទានបាយ។ សម្លេងស្រែកនោះ នៅមិនផុតពីត្រចៀករបស់ខ្ញុំនៅឡើយទេ។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តភ្លាមៗ ដោយមិនបានប្រាប់អ្នកណាទាំងអស់…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណទាំងពីគណៈ! ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! ហាគឹមទួន សាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ និងនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកខេត្តកំពតសាជាថ្មីម្ដងទៀត បន្ទាប់ពីប៉ុន្មានខែមុននោះ មកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវកន្លែងទឹកស្អាតនៅជិតទីរួមខេត្តកំពត។ សំរាប់ផ្នែកស៊ីម៉ង់ត៍ កាលពីខែ កុម្ភៈ ២០១៨ ក៏បានមកសម្ពោធដាក់ឱ្យប្រើប្រាស់នូវសាជីវកម្ម ជីបម៉ុង នៅស្រុកបន្ទាយមាស។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលស្ថិតនៅចំ(ពី)មុខយើងនេះ ហើយដែលមានទីតាំងនៅស្រុកដងទង់ ខេត្តកំពតរបស់យើង។ សមត្ថភាពផលិត នៃរោងចក្រស៊ីម៉ង់ត៍របស់យើងមកដល់ពេលនេះ មានប្រមាណ ៨ លានតោន នេះជាសមិទ្ធផលថ្មីមួយទៀត បន្ថែមទៅលើសមិទ្ធផលចាស់ ដែលយើងមានកន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តី ស៊ុយ សែម បានធ្វើរបាយការណ៍អម្បាញ់មិញ សមត្ថភាពផលិត នៃរោងចក្រស៊ីម៉ង់ត៍របស់យើងមកដល់ពេលនេះ មានប្រមាណ ៨ លានតោន ហើយក៏វាបានចំណេញថវិកាប្រមាណ ៥០០ លានដុល្លារសហរដ្ឋអាមេរិក ដែលយើងមិនត្រូវយកទៅទិញពីបរទេសនោះទេ។…
នៅព្រឹកថ្ងៃទី ៩ វិច្ឆិកា ២០១៩ នេះ ខ្ញុំនិងមន្រ្តីរាជការមកពីគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កូនក្មួយ សិស្សានុសិស្ស បានដង្ហែរព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយភ្លេីងជ័យនៅវិមានឯករាជ្យ នៅក្នុងថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី ៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) ស្របជាមួយនឹងខួបលើកទី៦៦ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទ។ ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំងក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។ ថ្ងៃនេះប្រជាពលរដ្ឋខ្មែរមានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវអោយមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាតទៅទៀតឡើយ។ ខ្ញុំសូមអរគុណដល់បងប្អូនរួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសយើងមកទល់សព្វថ្ងៃ។ ដើម្បីអបអរសាទរនៅក្នុងខួប៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ ខ្ញុំសូមអញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុកដែលជានំចំណីអត្តសញ្ណាណជាតិខ្មែរយើង នៅក្រោមពាក្យស្លោក “ អំបុកខ្មែរ ថែរ ជាតិ សាសនា និងព្រះមហាក្សត្រ”៕