Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះគឺជាថ្ងៃភ្ជុំបិណ្ឌ ហើយក៏ជាថ្ងៃដែលប្រជាជនសាទរធ្វើបុណ្យធ្វើទាន ទោះបីការធ្វើបុណ្យធ្វើទាននោះ (ប្រព្រឹត្ត)ទៅតាមគន្លងថ្មី ដើម្បីរួមគ្នាទប់ស្កាត់នូវកូវីដ-១៩ (ក៏ដោយ)។ ជាមួយគ្នានេះ ប្រជាជនបានធ្វើការចល័តបម្លាស់ទី ពីកន្លែងមួយទៅកាន់កន្លែងមួយ និងទៅតាមតំបន់ទេសចរណ៍នានាតាំងពីប៉ុន្មានថ្ងៃមកហើយ។ (ការផ្លាស់ទីនេះ បានកើតមាន)ម្សិលមិញ (និងនៅបន្តមាន)ថ្ងៃនេះ ថ្ងៃស្អែក និងអាចក្រោយក្រោយពីថ្ងៃនេះទៀត។ នេះគឺជាការសាកល្បងធំណាស់សម្រាប់ប្រទេសរបស់យើង នៅក្នុងសភាពការណ៍ថ្មី បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី ២ និងមានដូសជំរុញថែមទៀត។ យើងនឹងតាមដានពិនិត្យអំពី(វិបាក)ដែលចេញពីការសាកល្បង(នេះ) ដែលយើង(អាចនិយាយបានថា)មិនមែនជាការសាកល្បងដ៏ប្រថុយប្រថានទេ ប៉ុន្តែក៏មិនមែនជាការច្បាស់លាស់ ១០០ ភាគរយ ថាវាគ្មានបញ្ហានោះដែរ។ យើងបានប្រុងប្រៀបខ្លួនដើម្បីនឹងទទួលយកនូវសភាពការណ៍អាក្រក់ដែលអាចនឹងកើតមានឡើង ដូចជាករណីនៅឥណ្ឌា បន្ទាប់ពីពិធីសាសនារួចហើយ ការឆ្លងរីករាលដាលបានបង្កឲ្យមានការឆ្លង និងស្លាប់យ៉ាងច្រើន។ សម្រាប់កម្ពុជាយើង យើងបានត្រៀមបម្រុងទុកចំពោះករណីអាក្រក់ដែលអាចកើតឡើងសម្រាប់សុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់ប្រជាជនរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថាព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គនៅតាមទីអារាម ក៏ដូចជាបងប្អូនធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានា នឹងមានការប្រុងប្រយ័ត្ន។ នេះគឺជាចំណុចនៃការសាកល្បងដើម្បី(ដឹងបាន)ថា តើបន្ទាប់ពីការភ្ជុំបិណ្ឌរួចហើយនោះយើងមានការឆ្លងធ្ងន់ជំងឺធ្ងរឬទេ? ប្រសិនបើមានជំងឺឆ្លងធ្ងន់ធ្ងរ ការគ្រោងបើកប្រទេសលើគ្រប់វិស័យឡើងវិញនឹងមិនអាចធ្វើទៅបានទេ។ ប៉ុន្តែ ប្រសិនបើបងប្អូនអាចការពារខ្លួនបាន ហើយចំនួនអ្នកឆ្លង ឬអ្នកស្លាប់ពុំមាន(កើតនិងកើន)ឡើងធ្ងន់ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើងនឹងទទួលបានរួមគ្នានូវការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ជាពិសេសសាលារៀន ក៏ដូចជាទេសចរណ៍ផ្ទៃក្នុងដែលជាផ្នែកមួយនៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ។ សេដ្ឋកិច្ចរបស់យើងបានដំណើរការពេញបន្ទុកទៅលើវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ ការនាំចេញរបស់យើងក្នុងផ្នែកកសិកម្មក្តី ឧស្សាហកម្មក្តី មានកំណើនដ៏ល្អ។…
សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិ ដែលជាពុទ្ធបរិស័ទ ជាទីគោរពស្រឡាញ់! វាពិតជារឿងដ៏គួរឱ្យសោកស្តាយ ដែលថ្ងៃនេះគឺជាថ្ងៃបិណ្ឌទី ៤ ដែលបងប្អូនមិនបានប្រារព្ធនូវពិធីក្នុងការកាន់បិណ្ឌឆ្ពោះទៅរកពេលភ្ជុំ។ ការចាប់ផ្តើមរបស់យើង គឺទាក់ទិនជាមួយការឆ្លងរីករាលដាលនៃកូវីដ-១៩ ហើយដែលម្សិលមិញនេះ ខាងក្រុមគ្រូពេទ្យបានយកសំណាកនៅគ្រប់វត្ត ស្ទើរតែពាក់កណ្តាលនៃវត្តនៅក្នុងទីក្រុងភ្នំពេញនេះ គឺមានឆ្លងនៃជំងឺកូវីដ-១៩នេះ។ អនុញ្ញាតឱ្យ ខ្ញុំព្រះករុណាខ្ញុំ បានយកឱកាសនេះដើម្បីបញ្ជាក់ប្រគេន និងជូនបន្តិចថា កាលពីឆ្នាំ ២០២០ យើងបានផ្អាកនូវការចូលឆ្នាំ ហើយផ្អាកនូវពេលភ្ជុំបិណ្ឌ។ ពេលនោះជំងឺកូវីដ-១៩ មិនទាន់រាតត្បាតខ្លាំងនៅឡើយទេ យើងមានមនុស្សត្រឹមតែ ២០០ ទៅ ៣០០ នាក់ប៉ុណ្ណោះ នៅពេលនោះ ដែលមានការឆ្លងកូវីដ-១៩។ ប៉ុន្តែដោយសារតែវិធានការការពារហ្មត់ចត់តាមរយៈនៃការផ្អាកការចូលឆ្នាំ ហើយសងត្រឡប់មកវិញជាមួយនឹងការឈប់សម្រាកនៅពេលក្រោយ បូកជាមួយនឹងវិធានការហ្មត់ចត់នៅក្នុងដំណាក់កាលភ្ជុំបិណ្ឌ យើងរក្សាបាននៅក្នុងប្រទេសរបស់យើងមិនឱ្យមានជំងឺឆ្លង ហើយសូម្បីតែស្លាប់ក៏គ្មានផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការយោគយល់ និងចង់ធ្វើបុណ្យធ្វើទាន ក៏ប៉ុន្តែសភាពការណ៍ឆ្នាំ ២០២១ នេះ ខុសពីឆ្នាំ ២០២០ នៅត្រង់ថា ព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ ២០២១…
ឯកឧត្តម ប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិ; ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ជាបឋម, ខ្ញុំសូមសម្តែងនូវការកើតសរសើរដោយស្មោះចំពោះ ឯកឧត្តម វ៉ុលកាន បូសគារ (Volkan Bozkir) សម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមក ក្នុងការដឹកនាំការងារនៃអង្គមហាសន្និបាតអង្គការសហ-ប្រជាជាតិលើកទី ៧៥ ។ ខ្ញុំសូមអបអរសាទរចំពោះ ឯកឧត្តម អាប់ឌុលឡា សាហ៊ីដ (Abdulla Shahid) ដែលបានជាប់ឆ្នោតជាប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ។ ខ្ញុំក៏មានសេចក្តីសោមនស្ស និងសូមអបអរសាទរចំពោះ ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស (Antonio Guterres) ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិទី ២ ។ នេះជាលើកទី ០២ (ពីរ) ហើយ ដែលអង្គមហាសន្និបាតអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើង តាមប្រព័ន្ធវីដេអូ ដោយសារជំងឺកូវីដ-១៩ ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃមេរោគបំប្លែងថ្មីៗ គឺជាបញ្ហាប្រឈម និងជាការរំខានធំបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើប ។ ការយកឈ្នះលើជំងឺរាតត្បាត កូវីដ-១៩…