ខែដំបូង ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសជាង២២ម៉ឺននាក់ ចូលទស្សនាអង្គរ បានចំណូលចូលជាតិជាង១០លានដុល្លារ

FN ៖ គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅខែមករា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន២២២,៥៦១នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលចូលថវិកាជាតិចំនួន ១០,៥៤៧,៣៣២ដុល្លារអាមេរិក។ បើតាមសេចក្ដីប្រកាស់ព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈនេះបានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំ សម្រាប់ខែមករា ឆ្នាំ២០២០ មានការថយចុះ ១៧.៨៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ សម្រាប់ចំណូលក៏មានការថយចុះ ១៤.៨១%។ សូមជម្រាបថា នៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំនួននេះបានថមថយជិត១៥ភាគរយបើធៀបនឹងឆ្នាំ២០១៨។ តាមរយៈការលក់បណ្ណជូនភ្ញៀវអន្តរជាតិជាង២លាននាក់នេះ រាជរដ្ឋាភិបាលទទួលបានចំណូល សរុប៩៩,០៨៨,៨៩៤ដុល្លារអាមេរិក៕

ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ឱ្យអនុវត្តនូវវិធានការមួយចំនួន ដើម្បីការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំមួយ ឱ្យគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ អនុវត្តវិធានការមួយចំនួន ដើម្បីការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី។ ក្នុងគោលបំណងជំរុញការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺនេះ ស្របតាមសេចក្តីអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្ថែមលើខ្លឹមសារសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ ត្រូវណែនាំបន្តដល់បុគ្គលិកអប់រំ និងអ្នកសិក្សាឱ្យអនុវត្តនូវវិធានការបង្ការទប់ស្កាត់ជំងឺនេះ។

កម្ពុជានាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន បានចំណូលជិត៤០០លានដុល្លារ នៅឆ្នាំ២០១៩

FN ៖ រយៈពេលពេញ១ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន កើនឡើង៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមករានេះ។ របាយការណ៍បញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ២០១៩កន្លងទៅ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន ២៨៧,៦៣៨តោន កើនឡើងចំនួន៦៧,៥៣៨តោន កើនឡើង៣១ភាគរយ ធៀបនឹងឆ្នាំ២០១៨។ បរិមាណជ័រកៅស៊ូនាំចេញមានចំនួន ២៨២,០៧១តោន កើតនឡើង៦៤៥៧០តោន ស្មើនឹង៣០ភាគរយ ខណៈតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៣៣៦ដុល្លារក្នុង១តោន តម្លៃនេះកើនឡើង១៩ភាគរយ។ ក្រសួងបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៦,១៤២ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៤៧,១១៣ហិកតា ស្មើនឹង៦១%។ សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕