កម្ពុជានាំចេញអង្ករបានជិត២៦ម៉ឺនតោន នៅរយៈពេល៥ខែដំបូងដើមឆ្នាំ២០១៧នេះ កើនឡើង១០%

FN ៖ តួលេខនាំចេញអង្ករផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ​ បានបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានជិត២៦ម៉ឺនតោន។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា រយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករចំនួន ២៥៧,៦៣៧តោន កើន១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលមានចំនួនត្រឹម២៣៤,៣២៨តោន។ យោងតាមទិន្នន័យរបស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ប្រទេសដែលកម្ពុជានាំចេញអង្ករបានច្រើនជាងគេ គឺប្រទេសចិនចំនួនជិត៩ម៉ឺនតោន, ប្រទេសបារាំងជាង៣ម៉ឺនតោន និងប្រទេសប៉ូឡូញជាង២ម៉ឺនតោន។ សូមជម្រាបថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសជិត៦០ប្រទេសនៅលើពិភពលោក ខណៈក្រុមហ៊ុននាំចេញអង្ករមានចំនួនជាង៧០ក្រុមហ៊ុន។ ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករចំនួនជាង៥៤ម៉ឺនតោន៕

ក្រសួងការពារជាតិ ប្រារព្ធទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅរក ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

FN ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រសួងការពាជាតិកម្ពុជា បានរៀបចំប្រារព្ធទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅរក ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពិធីនេះ ត្រូវបានធ្វើឡើង នៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការរៀបចំទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ព្រមទាំងនាយទាហានតាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទផងដែរ។ របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរំលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយកងទ័ព​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា (គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន) ក្រោមកិច្ចសហការជាមួយកងទ័ពវៀតណាម។ ការដួលរលំនៃរបប​នេះ ក៏បាននាំមកនូវការបង្រួបបង្រួមជាតិ និងសន្តិភាពនៅកម្ពុជារហូតដល់សព្វថ្ងៃ ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន៕

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាប្រទេសមានសុខសន្តិភាពបំផុតសម្រាប់ឆ្នាំ២០១៧

FN ៖ តាមការស្រាវជ្រាវ និងវាយតម្លៃរបស់ Global Peace Index 2017 បានបង្ហាញថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៣ ជាប្រទេសមានសុខសន្តិភាពបំផុតសម្រាប់ឆ្នាំ២០១៧ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានចំណាត់ថ្នាក់លេខ៨៩ នៅលើពិភពលោក។ យោងតាមស្ថិតិរបស់ Global Peace បានបញ្ជាក់ថា នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន កម្ពុជា ឈរនៅលេខរៀងទី៦ ខណៈប្រទេសសិង្ហបុរីឈរនៅលេខ១ ម៉ាឡេស៊ីលេខ២ ឡាវលេខ៣ ឥណ្ឌូនេស៊ីលេខ៤ វៀតណាមលេខ៥ មីយ៉ាន់ម៉ាលេខ៧ ថៃលេខ៨ ហ្វីលីពិនលេខ៩ និងចិនលេខ១៦។ Global Peace បានបញ្ជាក់ដែរថា នៅ​ឆ្នាំ២០១៧ នេះ កម្ពុជា បាន​ធ្វើ​ឲ្យ​មាន​​ភាព​ល្អ​ប្រសើរ​​បំផុតក្នុងការរក្សានូវសុខសន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ខណៈ​ឥណ្ឌូនេស៊ី មាន​ការ​ធ្លាក់​ចុះ​​ខ្លាំង។