FN ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការហាឡាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Saif Al Shamisi ឯកអគ្គរដ្ឋទូតអារ៉ាប់រួមអេមីរ៉េតប្រចាំកម្ពុជា ដែលមាននិវេសនឋាននៅទីក្រុងបាងកក ដើម្បីផ្តល់ប្រឹក្សាទៅលើឱកាសវិនិយោគនៅកម្ពុជា ដែលភាគីអេមីរ៉េត បានផ្តល់ការចាប់អារម្មណ៍លើការវិនិយោគ លើវិស័យឧស្សាហកម្មហាឡាលជាខ្លាំង។
ក្នុងជំនួបនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅការិយាល័យរបស់លោក អូស្មាន ហាស្សាន់, លោក Saif Al Shamisi បានលើកឡើងថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសវិស័យវិនិយោគពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ថ្មីៗនេះ អារ៉ាប់រួមអេមីរ៉េត ទើបតែដាក់ឲ្យដំណើរការអាកាសចរណ៍អេមីរ៉េត ជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតលំដាប់ពិភពលោក ដែលដាក់ដំណើរការជើងហោះហើរមកដល់កម្ពុជា ដែលជាឱកាសមាស សម្រាប់ការផ្សារភ្ជាប់សេដ្ឋកិច្ចឲ្យកាន់តែមានសន្ទុះសម្រាប់កម្ពុជា-អេមីរ៉េត។
លោកបន្តថា ទោះបីអេមីរ៉េត ជាប្រទេសតូចក្តី ប៉ុន្តែវាមានច្រកចេញចូលតែមួយ នៃចរាចរណ៍នាំចេញទំនិញ នៅក្នុងតំបន់ប្រទេសឈូកសមុទ្រពែក និងតំបន់អាហ្វ្រិក ហើយអេមីរ៉េតជាប្រទេសដែលមានសន្ទុះយ៉ាងខ្លាំង ក្នុងវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលមានទំនាក់ទំនង នឹងបណ្តាប្រទេសអឺរ៉ុបផងដែរ។
ឆ្លើយតបនឹងការស្វែងរកឱកាសវិនិយោគ ដែលភាគីអេមីរ៉េតជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនក្នុងពិភពលោក លោក អូស្មាន ហាស្សាន់ បានជម្រាបពីសក្តានុពលវិនិយោគគ្រប់វិស័យនៅកម្ពុជា ព្រោះកម្ពុជា ក៏ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ជាង៧ភាគរយប្រចាំឆ្នាំ ម៉្យាងកម្ពុជា ក៏មានធនធានគ្រប់បែបយ៉ាងផងដែរ។
លោក អូស្មាន ហាស្សាន់ បានប្រាប់ភាគីអេមីរ៉េត ឲ្យពិនិត្យទៅលើការវិនិយោគឧស្សាហកម្មហាឡាល ព្រោះកម្ពុជាកំពុងវិវត្តដំណើរការបណ្តើរៗ ដើម្បីចាប់យកឧស្សាហកម្មហាឡាល ឲ្យមានសន្ទុះ និងបំពេញតម្រូវការក្នុងប្រទេស និងនាំចេញទៅក្នុងទីផ្សារហាឡាលក្នុងពិភពលោកផងដែរ។
ជាមួយគ្នានោះ ភាគីអេមីរ៉េត បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ចំពោះឧស្សាហកម្មហាឡាលដែលកម្ពុជាគ្រោងនឹង ដំណើរការនៅក្នុងពេលឆាប់ៗនេះ ទោះបីអេមីរ៉េតជាប្រទេសតូច ប៉ុន្តែប្រទេសតូចខ្លឹមមួយនេះ បាននិងកំពុងតែមានសេដ្ឋកិច្ចហក់លោតដល់កំពូល ហើយប្រទេសមួយនេះ ផ្តុំឡើងដោយជាតិសាសន៍ជាង១០០ ដែលជាតិសាសន៍និមួយៗ កំពុងប្រកួតប្រជែងនូវភាពជឿនលឿនគ្រប់វិស័យ ក្នុងនោះ ឧស្សាហកម្មកម្រិតស្តងដារហាឡាល ក៏ជាផ្នែកអទ្ធិភាព ហើយយតែងតែដឹកនាំមកនូវដៃគូវិនិយោគក្នុងគម្រោងខ្នាតធំៗបំផុត៕