ក្រសួងបរិស្ថាន៖ ដីដែលហូរចូលសមុទ្រដោយសារសកម្មភាពអភិវឌ្ឍន៍ តែមិនបង្កផលប៉ះពាល់ដល់ទឹក និងឆ្នេរសមុទ្រទេ

FN ៖ ក្រសួងបរិស្ថានបានអះអាងថា ស្ថានភាពល្អក់កករទឹកនៅតាមឆ្នេរសមុទ្រមួយចំនួន រួមទាំងឆ្នេរព្រែកត្រែងផងនោះ មិនបង្កជាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។ ការល្អក់កករនេះ ដោយសារតែសកម្មភាពអភិវឌ្ឍនៅខេត្តព្រះសីហនុកំពុងមានច្រើន ហើយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនហូរនាំយកដីចូលទៅក្នុងសមុទ្រ ទើបនាំឲ្យមានបញ្ហាទាំងនេះតែម្តង។ ការចេញមកបញ្ជាក់ធ្វើឡើង ក្រោយពេលប្រជាពលរដ្ឋឃើញទឹកសមុទ្រនៅប៉ុន្មានថ្ងៃនេះបានប្រែជាល្អក់កករដោយសារតែដីហូរចូល ជាពិសេសនៅឆ្នេរព្រែកត្រែងតែម្តង។ បងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងខ្លាចស្ថានភាពនេះនាំឲ្យខូចទឹក និងឆ្នេរសមុទ្ររបស់ខ្មែរដែលជាប់ជាឆ្នេរស្អាតនៅលើពិភពលោក។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា៖ «សមុទ្រមានទឹកល្អក់នៅតំបន់ខ្លះ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ គឺនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបានច្រោះដីមួយចំនួន ចេញពីការដ្ឋានសាងសង់នានាទៅជាមួយ ហើយហូរចូលទៅក្នុងអូរ និងប្រឡាយ នាំយកចូលទៅក្នុងសមុទ្រ។ ខេត្តព្រះសីហនុបច្ចុប្បន្ននេះមានការអភិវឌ្ឍ និងមានការដ្ឋានសាងសង់ បុកគ្រឹះជាច្រើនដែលជាហេតុ ពេលភ្លៀងខ្លាំងនាំឱ្យមានការច្រោះដីទៅជាមួយខ្លះ។ បញ្ហានេះមិន មានអ្វីដែលព្រួយបារម្ភនិងប៉ះពាល់ដល់ទឹកសមុទ្រទេ»។ សូមបញ្ជាក់ថា ដោយសារតែកំណើនៃការវិនិយោគកំពុងមានសន្ទុះខ្លាំងនោះ ការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ ក៏កំពុងតែមានសន្ទុះខ្លាំងណាស់ផងដែរ។ មួយរយៈនេះប្រជាពលរដ្ឋ ក៏បានប្រតិកម្មផងដែរ រឿងក្រុមហ៊ុនវិនិយោគមួយបានចាក់ដីលុបឆ្នេរព្រែកត្រែង ហើយដីនេះក៏បានហូរចូលទៅសមុទ្រផងដែរ។ ឆ្លើយតបការព្រួយបារម្ភនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការចាក់ដីនោះ…

ក្រសួងអប់រំនឹងចេញលទ្ធផលប្រឡងបាក់ឌុបថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ នៅថ្ងៃស្អែក ក្រោយរកឃើញប្រព័ន្ធកុំព្យួទ័រមានកំហុសបច្ចេកទេស

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយសម្រេចនឹងចេញលទ្ធផលប្រឡងថ្មី នៃការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ នៅថ្ងៃទី១៤ ខែកញ្ញាស្អែកនេះ បន្ទាប់ពីរកឃើញប្រព័ន្ធកុំព្យួទ័រ មានកំហុសបច្ចេកទេស។ យ៉ាងណាការប្រកាសថ្មីនេះ គឺសម្រាប់តែថ្នាក់វិទ្យាសាស្ត្រប៉ុណ្ណោះ ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម គឺមិនប៉ះពាល់ទេ។ ក្រសួងអប់រំបញ្ជាក់ថា បន្ទាប់រកឃើញកំហុសបច្ចេកទេសនេះ ធ្វើឲ្យលទ្ធផលនៃការប្រឡងសញ្ញាបត្របាក់ឌុបប្រែប្រួល ដោយចំនួនអ្នកជាប់កើតឡើងដល់ ៧៦,០៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕

កាកបាទក្រហមកម្ពុជា បន្ដចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៣៧៥គ្រួសារទៀត នៅខេត្ដត្បូងឃ្មុំ

FN ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៨ នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ នៃកាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោក លី ឡេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៣៧៥គ្រួសារ នៅក្នុងភូមិចំនួន៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានទុក្ខលំបាក និងជនរងគ្រោះបណ្ដាលមកពីប្រការផ្សេងៗ ដោយមិនរើសអើងជាតិសាសន៍ ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹងនោះដែរ លោកស្រីអគ្គលេខាធិការ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ពីបញ្ហាសុខភាពរស់នៅប្រចាំថ្ង ត្រូវប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងជាពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះសត្វអាសិរពិសដែលអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវរកទីតាំងសុវត្ថិភាពនៅជិតមណ្ឌលសុខភាព ដើម្បីងាយស្រួលតាមដានពិនិត្យសុខភាពឱ្យបានទៀងទាត់…