៩ខែនេះ គយប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ
FN ៖ រយៈពេល៩ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារអាមរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០១៩ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាននេះ, លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់៩ខែ ឆ្នាំ២០១៩ ចំណូលសរុបមានប្រមាណជាង ៩.៧ទ្រីលានរៀល (ប្រមាណ ២,៣៩១លានដុល្លារអាមេរិក) កើនឡើងប្រមាណ ៣៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។ លោកថ្លែងថា លទ្ធផលចំណូលនេះត្រូវប្រមាណជា ១០៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩។ បើប្រៀបធៀប រយៈពេលដូចគ្នា ឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗ ដែលប្រមូលដោយគយ មានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធគយ (ពន្ធនាំចូល) មានកំណើនជិត៣៨%, អាករពិសេសកើនប្រមាណ ៣៩% និងអាករលើតម្លៃបន្ថែម (VAT)…