រដ្ឋមន្រ្តីសុខាភិបាល ប្រាប់អភិបាលរាជធានី-ខេត្ត ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ
FN ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយប្រាប់ដល់អភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ក្នុងមូលដ្ឋាន។ លិខិតរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ រៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល។ លិខិតរបស់ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋនានាក្នុងរាជធានី-ខេត្ត ក្រសួងស្នើឱ្យត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលគ្មានរោគសញ្ញា និងករណីជំងឺស្រាល ក្នុងលក្ខខណ្ឌដែលមានការរាតត្បាតធ្ងន់ធ្ងរជាយថាហេតុ ដែលហួសពីចំណុះមន្ទីរពេទ្យរដ្ឋ ឬកន្លែងព្យាបាលដែល រាជធានី-ខេត្តនីមួយបានរៀបចំរួចជាស្រេចហើយ។ លោក ម៉ម ប៊ុនហេង បានបន្ថែមថា ការត្រៀមបម្រុងនេះ ត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។ ក្រសួងសុខាភិបាល នឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដែលក្រសួងនឹងរៀបចំជូន។ នេះបើតាមការបញ្ជាក់បន្ថែមទៀតរបស់ លោក ម៉ម ប៊ុនហេតុ។…