កម្ពុជានាំចេញអង្ករបាន៣០ម៉ឺនតោន ទទួលចំណូល២២៣លានដុល្លារ
FN ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការនាំចេញអង្ករក្នុងខែទីមួយ នៃឆមាសទី២ ឆ្នាំ២០២១ ចាប់ផ្តើមងើបឡើងបន្តិច ខណៈរយៈពេល៧ខែ កម្ពុជានាំចេញអង្ករបាន៣០ម៉ឺនតោន ទទួលចំណូល២២៣លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែសីហានេះ។ សហព័ន្ធស្រូវអង្ករបានបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ២០២១ នេះ ការនាំចេញអង្កររបស់កម្ពុជា បានចំនួន ២៩,៤១៥ តោនគិតជាទឹកប្រាក់ចំនួន ២១.១៨លានដុល្លារ មានការកើនឡើងចំនួន ៣.៥៣% បើធៀបទៅនឹងបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ ២០២០ ឬ កើន ១១.១០% បើធៀបទៅបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ២០១៩។ ទោះបីជា ស្ថានភាពនៃកង្វះទូកុងតែន័រនៅតែបន្ត តម្លៃកប៉ាល់ទៅកាន់ទីផ្សារនៅក្នុងសហគមន៍អ៊ឺរ៉ុបនៅតែបន្តឡើងថ្លៃ តែស្ថានភាពទីផ្សារតម្រូវបានជំរុញឱ្យការនាំចេញអង្ករកម្ពុជា ចាប់ផ្តើមដំណើរការ ជាពិសេសការបំពេញការនាំចេញ លើកិច្ចសន្យាដែលខកខាន ឬ ពន្យារពេលកន្លងមក។ សម្រាប់ខែកក្កដានេះ ការនាំចេញអង្ករក្រអូបប្រណិតបានចំនួន ៤៥%, អង្ករក្រអូបធម្មតា( សែនក្រអូប) ៣៥%, អង្ករស បាយទន់ ១៧% ហើយអង្ករចំហុយបានចំនួន…