សម្តេចសង្ឃរាជ ទេព វង្ស ស្នើឲ្យអ្នកសារព័ត៌មានកែតម្រូវជាបន្ទាន់ រឿងផ្សាយថា ព្រះអង្គជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ
FN ៖ សម្តេចសង្ឃរាជ ទេព វង្ស ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនប្រកាន់អ្វីទេ ប៉ុន្តែស្នើសុំឲ្យអ្នកសារព័ត៌មានទាំងអស់ធ្វើការកែតម្រូវ ឡើងវិញ ព្រះអង្គមិនបានជាប់ពាក់ព័ន្ធជុំវិញបញ្ហាដឹកឈើនោះឡើយ នេះបើយោងតាមលិខិតរបស់មន្ទីរព័ត៌មាន ខេត្តសៀមរាបនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទ១០ ខែមីនា ឆ្នាំ២០១៧នេះ។ សម្តេចសង្ឃរាជ ទេព វង្ស ព្រះអង្គមានបន្ទូលទៀតថា សូមសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់មុននឹងចុះផ្សាយរឿងអ្វីមួយ ត្រូវស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងចុះផ្សាយទៅខុសប៉ះពាល់កិត្តិយសអ្នកដទៃ។ ការចេញលិខិតបដិសេធនិងបំភ្លឺរបស់មន្ទីរព័ត៌មាន ខេត្តសៀមរាបនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានមួយចំនួនបានចេញផ្សាយថា ឈើចំនួន២រថយន្ត ប្រភេទយីឌុបជារបស់សម្ដេចសង្ឃ ទេព វង្ស ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប រឹបអូសនៅចំណុចភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៩ ខែមីនាម្សិលមិញ៕