FN ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតគ្រប់ពេលវេលា ចំពោះគ្រោះអគ្គិភ័យ ពិសេសនៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ ដោយសារអំឡុងពេលនេះជារដូវក្ដៅ ដាច់ខាតកុំមានការធ្វេសប្រហែសឲ្យសោះ។
លោក ប៉ា សុជាតិវង្ស ទទូចហើយទទូចទៀតបែបនេះត្រូវបានលើកឡើងក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសែនសុខ ខណ្ឌសែនសុខ ដែលមានតម្លៃ១៦២,៣៤៨ដុល្លារ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។
លោកអភិបាលថា «ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ នៅរដូវក្តៅនេះ ពិសេសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានមកដល់ ប្រមាណ២០ថ្ងៃទៀត»។
ក្រៅពីនេះ លោក ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយ ឲ្យភូមិសង្កាត់មានសុវត្ថិភាព ធ្វើយ៉ាងណាកុំឲ្យភូមិដ្ឋានមានគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត បានក៏សំណូមឲ្យព្រះសង្ឃ គួរបញ្ចូលកម្មវិធីភូមិសង្កាត់មានសុវត្ថិភាពនេះ ក្នុងព្រះធម៌ទេសនា និងជួយរំឭករាល់ពេលទេសនាម្ដងៗ។
អភិបាលរាជធានីភ្នំពេញបានរំឭក «រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខ រាជធានីមានរថយន្តក្រុង សម្រាប់ដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយយោងតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»៕