ជប៉ុនផ្ដល់ថវិកាជាង ១០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍លើវិស័យសំខាន់ៗចំនួន៤ នៅកម្ពុជា
FN ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណង និងកម្ចីការប្រាក់ទាបសរុបជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍លើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជាការពារទឹកជំនន់ សាងសង់ផ្លូវ ធ្វើមន្ទីរពេទ្យ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលនូវថវិកាទាំងអស់នេះ នឹងធ្វើឡើងរវាងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និង ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ថវិកាជាជំនួយ និងជាកម្ចីការប្រាក់ទាបជាង ១០០លានដុល្លារអាមេរិក នឹងយកទៅអភិវឌ្ឍន៍លើគម្រោងសំខាន់ៗចំនួន៤ រួមមាន៖ ១៖ ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១០៩លានយ៉េន ស្មើប្រមាណ ៩៤៩,៩៧៣ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «ធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤»។ ២៖ ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១,៤៥៣លានយ៉េន ស្មើប្រមាណ ១២.៦៦លានដុល្លារ សម្រាប់អនុវត្តគម្រោង «ធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង»។…