រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ បើចង់ឲ្យផលិតផលជាតិរស់ កុំឆ្ងាញ់តែរសជាតិបរទេស!
FN ៖ «សូមបន្តជួយគាំទ្រផលិតផលខ្មែរថែមទៀត ព្រោះបើចង់ឲ្យផលិតផលជាតិរស់ សូមកុំឆ្ងាញ់តែរសជាតិផលិតផលបរទេស!!!»។ នេះគឺជាសារអំពាវនាវរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទៅកាន់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងឱកាសបើក ព្រឹត្តិការពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា នៅឯបរិវេណវាលបែកចាន ក្រុងបាត់ដំបង ទីរួមខេត្តបាត់ដំបង។ នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានសំណូមពរដល់ផលិតករ និងសហគ្រិនក្នុងស្រុក ត្រូវខិតខំប្រឹងប្រែងពង្រឹងគុណភាពផលិតផល របស់ខ្លួន ស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ ដើម្បីទាក់ទាញទំនុកចិត្ត និងការគាំទ្រកាន់តែច្រើនពីប្រជាជនខ្មែរ ក៏ដូចជាភ្ញៀវទេសចរ បរទេសដែលចូលមកកំសាន្តនៅក្នុងប្រទេសកម្ពុជា សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។ «ក្រសួងពាណិជ្ជកម្ម មានភារកិច្ចស្វែងរកទីផ្សារថ្មីៗសម្រាប់សហគ្រាសធុនតូច និងធុនមធ្យម ក៏ប៉ុន្តែផលិតករ និងសហគ្រិនទាំងអស់ ចាំបាច់ត្រូវចេះអភិវឌ្ឍន៍ផលិតផល ឬសេវាកម្មរបស់ខ្លួនឲ្យមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ទើបអាចប្រកួតប្រជែងជាមួយទំនិញ នាំចូលពីបរទេស»។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់។ លោក ប៉ាន់ សូរស័ក្តិ បានបន្ថែមថា «ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋខ្មែរនឹងនាំគ្នាគាំទ្រផលិតផលជាតិកាន់តែច្រើនឡើងៗ…