កម្ពុជានាំចេញផលិតផលកាត់ដេរមានទឹកប្រាក់ជាង ១១ ៣៨៩ លានដុល្លារកើនឡើង១៥%
FN៖ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំ២០២១ មានតម្លៃ ១១ ៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥០៥ លានដុល្លារអាមេរិក ដែលស្មើនឹង១៥.២% បើធៀបនឹងកាលពីឆ្នាំ២០២០ បើទោះបីជាកាលពីឆ្នាំ២០២១ កម្ពុជាជួបប្រទះការឆ្លងរាលដាលខ្លាំង ដែលនាំឱ្យមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងការរំខានដល់ខ្សែច្រវ៉ាក់ផលិតកម្មក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។ ជុំវិញកំណើនល្អប្រសើរនៃការនាំចេញនេះ អ្នកជំនាញនៅក្នុងវិស័យកាត់ដេររំពឹងថា កម្ពុជានឹងបន្តរក្សាកំណើនល្អនៃការនាំចេញផលិតផលកាត់ដេរ នៅឆ្នាំ២០២២នេះ ការបញ្ជាទិញផលិតផលកាត់ដេរនឹងកើនឡើងប្រមាណពី១៥% ទៅ២០%។ ឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគម ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ បានប្រាប់បណ្តាព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកុម្ភៈនេះថា ការនាំចេញផលិតផលកាត់ដេរកើនឡើងនេះ ដោយសារកំណើននៃការបញ្ជាទិញកើន ដោយអ្នកទិញមួយចំនួន បានបង្វែរការបញ្ជាទិញពីប្រទេសជិតខាងមកកម្ពុជា។ ដោយសារមានការឆ្លងរីករាលដាលខ្លាំង នៅប្រទេសថៃកាលពីឆ្នាំមុន បានធ្វើឱ្យអ្នកបញ្ជាទិញបង្វែរមកកម្ពុជា ហើយបណ្តាអ្នកបញ្ជាទិញមួយចំនួន ដែលបានបញ្ជាទិញនៅប្រទេសភូមា ក៏បានបង្វែរការបញ្ជាមកកម្ពុជាវិញផងដែរ។ ព្រមជាមួយគ្នានេះ ដោយសារការចាក់វ៉ាក់សាំង នៅតាមបណ្តាប្រទេសជាច្រើន និងការបើកឱ្យមានការធ្វើដំណើរឡើងវិញ នាំឱ្យអ្នកបញ្ជា ដាក់ការបញ្ជាទិញលើផលិតផលទាំងនេះច្រើនពីកម្ពុជា។ លោកបន្តថា ទីផ្សារដែលបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាជាច្រើនជាងគេ គឺទីផ្សារអឺរ៉ុប…