លោក ឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញ
FN ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស។ យោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច បញ្ជាក់ថា ការតែងតាំងលោក ឃួន ស្រេង ឋានន្ដរស័ក្ដិឧត្តមមន្ដ្រីថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើឡើងតាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ សូមបញ្ជាក់ថា លោក ឃួន ស្រេង ដែលត្រូវបានតែងតាំង ជាអភិបាលរាជធានីភ្នំពេញ ថ្មីនេះ បច្ចុប្បន្នមានតួនាទីជា អភិបាលរងរាជធានីភ្នំពេញ ហើយលោកក៏ជាអតីតអភិបាលខណ្ឌសែនសុខផងដែរ៕