សេចក្តីជូនដំណឹង! ក្រសួងមហាផ្ទៃ ប្រកាសជាថ្មីលើតម្លៃសេវាលិខិតឆ្លងដែនធម្មតា, ២០ថ្ងៃ១០០ដុល្លារ, ១០ថ្ងៃ១៥០ដុល្លារ និង១ថ្ងៃ២០០ដុល្លារ
FN ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រកាសសារជាថ្មីម្ដងទៀត នូវតម្លៃសេវាលិខិតឆ្លងដែនធម្មតា ដោយក្នុងនោះរួមមាន ទី១៖ សេវារយៈពេល២០ថ្ងៃ តម្លៃ១ក្បាល ១០០ដុល្លារអាមេរិក ទី២៖ សេវារយៈពេល១០ថ្ងៃ តម្លៃ១ក្បាល ១៥០ដុល្លារអាមេរិក ទី៣៖ សេវារយៈពេល១ថ្ងៃ តម្លៃ១ក្បាល ២០០ដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីម្សិលមិញ បានបញ្ជាក់ថា «ដោយឡែកចំពោះពលករ ទៅបំពេញការងារស្របច្បាប់នៅក្រៅប្រទេស តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការផ្ដល់លិខិតធ្វើដំណើរ ត្រូវផ្ដល់ដោយឥតគិតថ្លៃដោយអាករជាបន្ទុករបស់រដ្ឋ»។ សូមបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីតម្លៃសេវាលិខិតឆ្លងដែនធម្មតានៅពេលនេះ ដោយសារតែនៅស្ថានភាព នៅពេលនេះ អាជ្ញាធរថៃ បាននិងកំពុងចាប់បញ្ជូនពលករខែ្មរត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានរកឃើញថា ពលករខ្មែរទាំងនោះ ពុំមានឯកសារគ្រប់គ្រាន់សម្រាប់ការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។