អ្នកនាំពាក្យការពារជាតិ៖ កងទ័ពកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមមុខជាមួយភាគីឡាវ ដោយរង់ចាំតែបទបញ្ជាប៉ុណ្ណោះ
FN ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះថា កងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប្រឈមមុខតទល់ជាមួយភាគីឡាវ ដោយរង់ចាំបទបញ្ជាពីថ្នាក់កំពូលតែប៉ុណ្ណោះ។ ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱសានវាទចំនួន៦ថ្ងៃ ពោលគឺត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ប៉ុណ្ណោះ ដើម្បីឱ្យកងទ័ពឡាវ ដកខ្លួនចេញពីចំណុចព្រំដែន លើដឹកដីកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ដែលកងទ័ពទាំងនោះ បានមករារាំង ដល់ការធ្វើផ្លូវក្រវ៉ាត់ព្រំដែនរបស់កម្ពុជា។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចការពារទឹកដីកម្ពុជា មិនឱ្យបាត់បង់។ កងយោធពលខេមរភូមិន្ទ សូមរកក្សាសិទ្ធិការពារនូវបូរណភាពទឹកដីរបស់ខ្លួន ហើយប្រឆាំងដាច់ខាតនូវការរំលោភពបំពានណាមួយមកលើទឹកដីកម្ពុជា។ សូមបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧មក យោធាកម្ពុជា និងឡាវ ធ្លាប់បានប្រឈមមុខគ្នាជាថ្មី បន្ទាប់ពីភាគីយោធាឡាវ បានចេញមកទប់ស្កាត់គ្រឿងចក្ររបស់ភាគីកម្ពុជា ដែលឈូសឆាយដើម្បីធ្វើផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រងប្រទេសកម្ពុជា។ ប៉ុន្តែការប្រឈមមុខគ្នានេះ បានស្ងប់ស្ងាត់ឡើងវិញ បន្ទាប់ពីមានការសម្របសម្រួលដោយភាគីទាំងពីរនៅតំបន់នោះ។…