ជប៉ុនផ្ដល់ជំនួយឥតសំណងជាង១២ម៉ឺនដុល្លារ សម្រាប់ពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារក នៅខេត្តកំពង់ចាម
FN ៖ ក្រោមគម្រោងការនៃជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយចំនួន១២៤,៨៣៩ដុល្លារអាមេរិក សម្រាប់ពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារក នៅខេត្តកំពង់ចាម (ដំណាក់កាលទៅទី៣)។ ពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយរដ្ឋាភិបាលជប៉ុននេះ ដោយមានការចួលរួមពី លោក ហូរីណូអ៊ុជិ ហ៊ីជេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោក ស្រី FUKUSHIMA Namiko ប្រធានគម្រោងនៃអង្គការ PHJ ប្រចាំកម្ពុជា ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំធំស្ថានទូតជប៉ុន។ ក្នុងគម្រោងនេះ អង្គការ PHJ នឹងពង្រឹងប្រព័ន្ធថែទាំសុខភាព ដល់ស្រុកប្រតិបត្តិស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយជួយពង្រឹងការគ្រប់គ្រងនៅការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិស្ទឹងត្រង់ និងនៅតាមមណ្ឌលសុខភាពគ្របដណ្ដប់ តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាល ដល់អ្នកស្ម័គ្រចិត្តសុខភាពតាមភូមិ និងការផ្ដល់ការអប់រំ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ លោក ហូរីណូអ៊ុជិ ហ៊ីជេហ៊ីសា ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា «ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយ ដែលបានប្រារព្ធពិធីចុះហត្ថលេខា សម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនលើ «គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា…