រាជរដ្ឋាភិបាលបញ្ជូនមន្ត្រីជិត ៤០០នាក់ទៅកាន់ប្រទេសថៃ ដើម្បីធ្វើយុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅទីនោះ
FN ៖ លោក ហេងសួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានបញ្ជូនមន្ត្រីជិត ៤០០នាក់ទៅកាន់ ប្រទេសថៃ ដើម្បីធ្វើយុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅទីនោះ ហើយមន្ត្រីដែលចូលរួមយុទ្ធនាការនេះត្រូវធ្វើការយ៉ាងតិច៩ម៉ោង ក្នុង១ថ្ងៃ និងធ្វើការ៦ថ្ងៃ ក្នុង១សប្តាហ៍។ ក្រៅពីការបញ្ជូនមន្ត្រី ថ្នាក់ដឹកនាំ នៃគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរនៅថៃ ក៏បានខិតខំឆ្លៀតពេលវេលាដ៏មមារញឹកចុះដឹកនាំប្រជុំ ត្រួតពិនិត្យ និងកែសម្រួលការងារជាបន្តបន្ទាប់ទៅតាមសំណូមពរជាក់ស្តែងរបស់បងប្អូនពលករផង និងរបស់ភាគីថៃផង។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះគិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ គណៈកម្មការបានបើកផ្តល់លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ដល់បងប្អូនពលករបានចំនួនជាង១០ម៉ឺននាក់ ដើម្បីបងប្អូនយកទៅបន្តនីតិវិធីទទួលបានភាពស្របច្បាប់ពីភាគីថៃ។ ទន្ទឹមនឹងនេះគណៈកម្មការ ក៏បានធ្វើការបញ្ជាក់អត្តសញ្ញាណ ផលិត និងបើកផ្តល់ លិខិតធ្វើដំណើ និងប័ណ្ណពលករកម្ពុជា ក្នុងថ្ងៃតែ១តែម្តង ដល់បងប្អូនពលករ ដែលបានចុះបញ្ជីជាមួយភាគីថៃ នាអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះបានចំនួន១២០០នាក់ ក្នុង១ថ្ងៃផងដែរ។ គណៈកម្មការបានស្នើសុំការសហការបន្ថែមជាមួយភាគីថៃ ឱ្យបង្កើនចំនួនការចេញលេខរៀងណាត់ជួបឱ្យកើនដល់ ១៤០០នាក់ ក្នុង១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០១៧នេះ តទៅ។ លោក ហេង សួរ បានគូសបញ្ជាក់បន្ថែមថា ពលករកម្ពុជា ដែលមកទទួលសេវាពីមន្ត្រីផ្តល់ភាពស្របច្បាប់គឺមានសេចក្តីរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តី…