កម្ពុជាចាយលុយជាង៤លានដុល្លារ លើគម្រោងមុខរបរ និងការងាររបស់យុវជនទាំងក្នុង និងក្រៅប្រព័ន្ធ
FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៤លានដុល្លារ សម្រាប់ប្រើប្រាស់លើគម្រោង «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ដែលផ្ដោតសំខាន់លើការជំរុញ ឲ្យយុវជនកម្ពុជាទាំងក្នុង និងក្រៅប្រព័ន្ធ ចេះបង្កើតការងារដោយខ្លួនឯង ពិសេសសិស្សានុសិស្ស ដែលបញ្ចប់មធ្យមសិក្សាទុតិយភូមិ (ចប់ថ្នាក់ទី១២) និងយុវជនដែលបានបោះបង់ការសិក្សា។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោក ហេង សួរ លើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងវិស័យឯកជន តំណាងក្រសួងអប់រំ ក្រសួងទេសចរណ៍ សហជីព និងតំណាងយុវជនផងដែរ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់សហប្រធានលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោកស្រី Claire Vander Vaeren មន្ត្រីសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ លោក ហេង សួរ បានលើកឡើងថា ជំហ៊ានដំបូងនៃគម្រោងថ្មីនេះ…