កម្ពុជាទទួលបានចំណូលជាង១១៦លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ នៅឆ្នាំ២០១៨, ថវិកាជាង៥លានដុល្លារ ត្រូវបានឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា
FN ៖ រយៈពេលពេញ១ឆ្នាំ ២០១៨ កម្ពុជាទទួលបានចំណូលចំនួន១១៦.៦៤លានដុល្លារអាមេរិក ពីការលក់បណ្ណឲ្យភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ ដែលចំណូលនេះបានកើនឡើង៨ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ។ គ្រឹះស្ថានអង្គរបានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៨ មានភ្ញៀវបរទេសចំនួន២,៥៩០,៨១៥នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង៥.៤៥ភាគរយ។ ចំណូលជាង១១៦លានដុល្លារដែលបានពីការលក់បណ្ណចូលទស្សនាតំបន់អង្គរនេះ រាជរដ្ឋាភិបាលបានដកចំនួន ៥,១៨១,៦៣០ដុល្លារសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ បន្តជួយសង្គ្រោះជីវិតកុមារកម្ពុជា៕