សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណ និងអំពាវនាវដល់សប្បុរសជនបន្ដឧបត្ថម្ភថវិកា និងសម្ភារផ្សេងៗ ដើម្បីសង្គ្រោះពលរដ្ឋងាយរងគ្រោះនៅកម្ពុជា
FN ៖ សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ជាតិ និងអន្ដរជាតិ ដែលបានបន្ដចូលរួមដ៏សកម្មក្នុងការផ្ដល់ថវិកា និងសម្ភារផ្សេងៗដើម្បីចូលរួមចំណែកសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះបំផុត។ ការថ្លែងបែបនេះ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនចំនួនបី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ។ ក្នុងជំនួបនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ដថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌កន្លងមក ហើយចំពោះអំណោយក្នុងថ្ងៃនេះ យើងនឹងយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលគាត់កំពុងរងគ្រោះមហន្ដរាយនានា ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រា ដែលកំពុងជួបការលំបាកនោះ»។ ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏ថ្លែងអំពាវនាវដល់សប្បុរសជនទាំងអស់ បន្ដការជួយឧបត្ថម្ភទៅតាមសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីមានលទ្ធភាព ក្នុងការបន្ដសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ នៅទូទាំងប្រទេស ជាពិសេសស្ដ្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង ក៏ដូចជាប្រជាជន ដែលបានរងគ្រោះដោយគ្រោះមហន្ដរាយនានា…