រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងទៅបំពេញទស្សនកិច្ច៤ថ្ងៃ នៅប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

FN ៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសហ្វីលីពីន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។ កិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅប្រទេសហ្វីលីពីន រួមមានដូចជា៖ – កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ – ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយ តំណាងគណៈកម្មការអន្តរជាតិរដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥០ – សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក៣លើកទី១៨ – កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី៧ – វេទិកាតំបន់អាស៊ានលើកទី២៤ – ពិធីអបអរសាទរទិវាអាស៊ាន ខួបលើកទី៥០។ តាមការប្រកាសរបស់ក្រសួងការបរទេស ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធាន កិច្ចប្រជុំ «សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកសាធារណរដ្ឋកូរ៉េ» ជាមួយ…

ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី អន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរ៨នាក់ទៀត ឲ្យត្រឡប់មកកម្ពុជាវិញ

FN ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរចំនួន៨នាក់ ឲ្យវិលត្រឡប់មកកម្ពុជាវិញ។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ពលករ-ពលការិនីខ្មែរចំនួន៨នាក់ត្រូវ បានជួយអន្តរាគមន៍ ក្រោយពីស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី សហការជាមួយអាជ្ញាធរពាក់ព័ន្ធរកឃើញថា រងគ្រោះដោយសារការធ្វើបាបពីសំណាក់ ថៅកែ នៅប្រទេសម៉ាឡេស៊ី»។ បើតាមក្រសួងការបរទេស ពលករ-ពលការិនីទាំង៨នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ កាលពីវេលាម៉ោង ០៧៖៣៥នាទី តាមជើងយន្តហោះលេខ AK536។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រកាសថា មិនមានករណីចាប់ក្មេងវះពោះយកគ្រឿងក្នុង ដូចការបង្ហោះតាម Facebook នោះទេ

FN ៖ នាយឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រកាសយ៉ាងដាច់ខាតថា មិនមានករណីចាប់ក្មេងៗ វះពោះយកគ្រឿងក្នុង ដូចការបង្ហោះតាមបណ្ដាញសង្គម Facebook នោះទេ ហើយការបង្ហោះជាការមួលបង្កាច់មករាជរដ្ឋាភិបាល ក៏ជាកម្លាំងសមត្ថកិច្ចតែប៉ុណ្ណោះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ថ្លែងយ៉ាងដូច្នេះថា «រយៈពេលជាងមួយខែកន្លងមកនេះ មានជន មានក្រុម ដែលមានចេតនាមិនល្អមួយចំនួន បាននាំគ្នាបំផុស ឬក៏ផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការថា មានក្រុមដើរចាប់កូនក្មេងដើម្បីយកទៅនេះ យកទៅនោះ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិតនោះទេ យើងខ្ញុំតំណាងឲ្យកងកម្លាំងនគរបាលជាតិ ជំនួសមុខឲ្យថ្នាក់ដឹកនាំ ក៏ដូចជាសម្ដេចក្រឡាហោម ស ខេង សូមអះអាងថា មិនមានរឿងនេះទេ»។ នាយឧត្តមសេនីយ៍ បន្ថែមថា បន្ទាប់ពីលេចឮព័ត៌មាននេះភា្លម លោកបានកោះហៅស្នងការរាជធានី-ខេត្តទាំង២៥ មកធ្វើការប្រជុំជាបន្ទាន់ ដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់ និងធ្វើការស្រាវជ្រាវថា តើអ្វីនៅពីក្រោយរឿងនេះឲ្យពិតប្រាដក។ ក្រោយធ្វើការស្រាវជ្រាវរួចមក នាយឧត្តមសេនីយ៍អះអាងថា រឿងនេះអាចជាមានអង្គការចាត់តាំង ហើយពេលនេះដែរ កម្លាំងនគរបាលជំនាញ មានពន្លឺខ្លះហើយដើម្បីធ្វើការបន្ដទៀត។