រដ្ឋាភិបាលសម្រេចកែសម្រួលកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វិញ

FN ៖ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចដោយកែសម្រួលកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វិញ។ ប្រការ២​ នៃសេចក្តីសម្រេចនេះបានបញ្ជាក់ថា សេចក្តីសម្រេចលេខ៥៨ សសរ​ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភា ត្រូវទុកជានិរាកណ៍ និងជំនួសដោយសេចក្តីសម្រេចនេះ។ សូមជំរាបថា​​ សេចក្តីសម្រេចមុនបានកំណត់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ប៉ុន្តែនៅពេលនេះបានកែសម្រួលកាលបរិច្ឆេទទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨វិញ។

ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង៖ អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ដៃជាមួយធនាគារពិភពលោក ខិតខំប្រឆាំងការសម្អាតប្រាក់ជាការងារបន្ទាន់ និងចាំបាច់បំផុតសម្រាប់កម្ពុជា

FN ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ការប្រឆាំងការសម្អាតប្រាក់ជាការងារបន្ទាន់ និងចាំបាច់បំផុតសម្រាប់កម្ពុជា ដោយភាគីអង្គភាពប្រឆាំងអំពើពុករលួយ បានសហការជាមួយធនាគារពិភពលោក ខិតខំស្វែងរកវិធីសាស្ត្រ ក្នុងការប្រឆាំងការ បោសសម្អាតប្រាក់ ជាពិសេសការរួមម្លាំងគ្នាលើការស៊ើបអង្កេត ដើម្បីចាប់ឲ្យបានជនល្មើសបញ្ជូនទៅតុលាការ។ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថ្លែងបែបនេះក្នុងកាស លោកអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការប្រឆាំងការលាងប្រាក់ដើម្បីប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែលរៀចំដោយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា សហកាជាមួយធនាគារពិភពលោក ដោយមានការចូលរួមពីសំណាក់មន្ត្រី ពាក់ព័ន្ធយ៉ាងច្រើនកោះករ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ភ្នំពេញ។ លោក ឱម យ៉ិនទៀង បានថ្លែងបញ្ជាក់ថា «អង្គភាពប្រឆាំងអំពើពុករលួយ នឹងព្យាយាមស៊ើបអង្កេតចាប់ជនល្មើស ទោះបីព័ត៌មានមានការលំបាកទទួលបានក្តី ក៏ប៉ុន្តែត្រូវខិតខំស្វែងរកឲ្យ បាននូវភស្តុតាងច្បាស់លាស់ និងគ្រប់គ្រាន់ដើម្បីមានភាពងាយស្រួល បញ្ជូនជនល្មើសទៅតុលាការ។ ដូច្នេះហើយអង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាបង្គោលមួយដ៏ល្អរបស់កម្ពុជា ក្នុងប្រឆាំងការសម្អាតប្រាក់ ទាំងនៅក្នុងប្រទេសយើង ពីព្រោះពួកគាត់ជាស្នូល នៃការសហការជាមួយគ្រប់នគរបាល។ ជាពិសេសទៀត អង្គភាពហិរញ្ញវត្ថុជាបង្គោលមួយជាមួយ ស្ថាប័នអន្តរជាតិ»៕

ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចេញផ្សាយធនប័ត្រ (ក្រដាសប្រាក់) ប្រភេទ១០០០រៀល និង៥០០០រៀល គំរូថ្មី

FN ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខួប នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រ (ក្រដាសប្រាក់) គំរូថ្មីប្រភេទ១០០០រៀល និង ៥០០០រៀល ជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះតទៅ។ ការចេញផ្សាយនូវ ធនប័ត្រគំរូថ្មីទាំង២ប្រភេទនេះ ក៏ជាផ្នែកមួយផងដែរនៃយុទ្ធសាស្រ្ត ជំរុញការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល ដោយធនប័ត្រគំរូថ្មីនេះមានសុវត្ថិភាពខ្ពស់ ព្រមទាំងមានការរចនាដ៏ល្អស្អាត ដែលឆ្លុះបញ្ចាំងពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងនៃប្រទេសកម្ពុជាយើង។