FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការច្បាស់ ក្នុងសកម្មភាពបោសសម្អាតមីន ដោយកំណត់យកឆ្នាំ២០២៥ ធ្វើយ៉ាងណាឲ្យលែងមានគ្រាប់មីន គំរាមកំហែងដល់ប្រជាពលរដ្ឋតទៅទៀត។
ជុំវិញការកំណត់នេះ មន្ត្រីជាន់ខ្ពស់ក្នុងវិស័យដោះមីនកម្ពុជា បានអះអាងថា កម្ពុជាពិតជាអាចធ្វើបានសម្រេចតាមផែនការនេះ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានបញ្ជាក់ថាផែនការបោសសម្អាតមីន នៅឆ្នាំ២០២៥ខាងមុខ កម្ពុជាពិតជាអាចសម្រេចបាន។
មូលហេតុដែលហ៊ានអះអាងបែបនេះ លោកបានឲ្យដឹងថា «ចំណុចនេះ ខ្ញុំសុំបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅនេះច្បាស់លាស់ ទី១៖ ដោយសារតែយើងចង់ដោះស្រាយបញ្ហាជូនប្រជាជននៃប្រទេសយើង ឲ្យបានឆាប់ផងដែរ។ ទី២៖ យើងមានកាតព្វកិច្ចតាមផ្លូវច្បាប់ នៃអនុសញ្ញាអន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញអន្តរជាតិហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ ហើយបើផ្អែកទៅលើប្រភពធនធានបច្ចេកទេស និងសមត្ថភាពរបស់យើង យើងសង្ឃឹមថា យើងធ្វើបាន »។
លោក ហេង រតនា បានបន្តថា «ប្រសិនណាជាគ្មានការប្រែប្រួលច្រើនទេ យើងមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការសម្រេចឲ្យបានជោគជ័យ នៅក្នុងផែនការយុទ្ធសាស្ត្រឆ្នាំ ២០១២៥។ ខ្ញុំនិយាយតែអំពីគ្រាប់មីនប្រឆាំងមនុស្សទេ បញ្ហាស្មុគ្រស្មាញយើងមានបញ្ហាគ្រាប់បែកចង្កោមផង គ្រាប់បែកទម្លាក់ពីលើយន្តហោះផង គ្រាប់បែកគីមីទៀត ឥឡូវជួបបញ្ហាហ្នឹងទៀត អញ្ចឹងបញ្ហាសុំញែកឲ្យដាច់ ព្រោះផែនការឆ្នាំ២០២៥ គឺយើងធ្វើឲ្យអស់គ្រាប់មីនប្រឆាំងមនុស្ស និងកាត់បន្ថយជាអតិបរិមាសំណល់ជាតិផ្ទុះដទៃទៀត»។
ទន្ទឹមនឹងនេះ ប្រធានស៊ីម៉ាក់រូបនេះ បានសម្តែងការព្រួយបារម្មណ៍ថា បញ្ហាបោសសម្អាតមីននៅកម្ពុជា ស៊ីម៉ាក់នៅតែប្រឈមបញ្ហាជាច្រើន ក្នុងការសម្អាតមីន ដែលបញ្ហាទី១៖ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ, ទី២៖ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច, ទី៣៖ ពាក់ព័ន្ធនឹងព្រំដែន និងទី៤៖ ពាក់ព័ន្ធនឹងថវិកា។
អគ្គនាយកស៊ីម៉ាក់ បានថ្លែងយ៉ាងដូច្នេះថា «យើងឃើញបញ្ហាបោសសម្អាតគ្រាប់មីននៅតែប្រឈម ឃើញបញ្ហាជាច្រើន ក្នុងនោះបញ្ហាទី១៖ ពាក់ព័ន្ធទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង។ ប្រជាពលរដ្ឋយើង នៅក្នុងដំណាក់កាលសេដ្ឋកិច្ច មានការរីកចម្រើនកាន់តែឆាប់រហ័ស តម្រូវការប្រើប្រាស់ដីធ្លីកាន់តែខ្ពស់ ការធានាសុវត្ថិភាពទំនុកចិត្តកាន់តែខ្ពស់។ កាលពីគាត់ក្រ គាត់អត់សូវខ្វល់ប៉ុន្មានទេ ប្រថុយគ្រោះថ្នាក់មិនគិតគូរប៉ុន្មានទេ តែដល់ពេលគាត់កាន់តែមានជីវភាពធូរធារ គាត់កាន់តែមានការយល់ដឹង គាត់កាន់តែមានការប្រុងប្រយ័ត្ន ទៅលើសុខសុវត្ថិភាពរបស់គាត់។ នេះជាប្រការល្អសម្រាប់ជនជាតិយើង ប៉ុន្តែវាជាការលំបាកសម្រាប់យើង ដែលត្រូវការឆ្លើយតបឲ្យទាន់ពេលវេលានៃតម្រូវការរបស់គាត់។ ក្នុងនាមជាអ្នកផ្តល់សេវាសាធារណៈមួយ លើវិស័យនេះត្រូវជួយគាត់ យើងតែងតែមានការព្រួយបារម្ភ ជួនកាលគាត់ហៅយើង ហើយឆ្លើយយឺតគាត់អាចអន់ចិត្ត ឫក៏គាត់អាច អ្នកខ្លះក៏មានភាពមិនសប្បាយចិត្ត គាត់អាចលាបពណ៌ ទៅជារឿងអីផ្សេងៗទៅទៀត»។
ជាមួយគ្នានេះ បញ្ហាបន្តទៀត គឺសេដ្ឋកិច្ចរីកចម្រើន។ លោកថា ពេលដែលសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនធ្វើឲ្យដៃគូ ប្រតិបត្តិការក្រៅប្រទេស ដូចជាអន្តរជាតិ និងប្រទេសជឿនលឿនមានការអើពើ។
លោក ហេង រតនា បានបញ្ជាក់ថា «សេដ្ឋកិច្ចរបស់យើងមានការកើនឡើង កន្លងមកការដោះមីនមនុស្សធម៌យើងពឹងលើគេ ស្ទើរទាំងស្រុងបានន័យថា៩០ភាគរយ ទៅ៩៥ភាគរយ គឺជំនួយអន្តរជាតិ មកពីគ្រប់ទិសទីទាំងក្នុងសកលលោក ហើយជាពិសេសមកពីប្រទេស ជឿនលឿនមួយចំនួន អញ្ចឹងគាត់មើលឃើញ គាត់តែងតែជួបយើង។ ឥឡូវលើកមុនគេបំផុត (ពិភាក្សាមុនគេ) គឺ សេដ្ឋកិច្ចអ្នកឯង (កម្ពុជា) ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតទាប និងកម្រិតខ្ពស់នឹងមកដល់ឆ្នាំនេះ គាត់និយាយអាហ្នឹងមុនគេហើយ ដើម្បីជំរុញឲ្យយើងទទួលខុសត្រូវដោយខ្លួនឯង»។
បញ្ហាចំបងបំផុត លោក ហេង រតនា បានឲ្យដឹងថា «ចំណុចលំបាកទី៣ ដែលយើងមើលឃើញ ការដោះមីនរបស់យើងនឹងចាប់ផ្តើមរុញដល់តំបន់ព្រំដែន។ ដោយសារតែមហច្ឆិតារបស់យើងចង់ ធ្វើយ៉ាងម៉េចឲ្យប្រទេសកម្ពុជាអស់គ្រាប់មីន ឲ្យអស់ត្រឹមឆ្នាំ២០២៥ ហើយគ្រាប់មីនភាគច្រើន នៅក្បែរនឹងព្រំដែន នៅលើក្បែរខ្សែបន្ទាត់ព្រំដែន ដូច្នេះត្រូវការជំរុញកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាប់របស់យើង ឲ្យកាន់តែប្រសើរឡើងទៀត ស្តីអំពីបញ្ហាព្រំដែន»។ បញ្ហាទីបួន លោកថ្លែងថា «ហើយចុងក្រោយជា បញ្ហាថវិការនេះតែម្តង»។
ទោះជាយ៉ាងណាក៏ដោយ អគ្គនាយកដឹកនាំប្រតិបត្តិការសម្អាតមីន បានប្តេជ្ញាចិត្តថា លោកនឹងប្រឹងធ្វើការ បំពេញបេសកកម្មសម្អាតមីននេះ ឲ្យបានជោគជ័យសម្រាប់ប្រទេសកម្ពុជា ដែលធ្លាប់តែរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលជាអំណោយបន្សល់ទុកជាកេរ្តិ៍របស់សង្គ្រាមនោះ។ លោកអះអាងថា «យើងនឹងធ្វើការនេះឲ្យបានល្អទោះបី ជាមានឧបសគ្គក៏ដោយ»៕