លោក នេត សាវឿន កែសម្រួលសមាសភាពក្រុមការងារ CPP ស្រុកកញ្ជ្រៀច និងជំរុញឲ្យអាជ្ញាធរបម្រើសេវាសាធារណៈជូន ពលរដ្ឋឲ្យបានកាន់តែល្អ
FN ៖ លោក នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រកាសកែសម្រូលសមាសភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកញ្ជ្រៀច ដើម្បីបង្កើនប្រសិទ្ធិភាពការងារ។ ថ្លែងក្នុងឱកាសនោះ លោក នេត សាវឿន ក៏បានជំរុញឲ្យក្រុមការងារ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើយ៉ាងណាបង្កើនការយកចិត្ត ទុកដាក់ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែមានល្អបន្ថែមទៀត ហើយជៀសវាងការថ្នាំងថ្នាក់ ជាមួយពលរដ្ឋ និងត្រូវកែអត្តឥរិយាបទឆ្គាំឆ្គងកន្លងមក។ បើតាមលោក នេត សាវឿន ការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច គឺដើម្បីប្រសិទ្ធភាពការងារ ឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតសកល ឆ្នាំ២០១៨ខាងមុខនេះ ហើយលោកថា ក្រុមការងារឃុំ ភូមិត្រូវធ្វើបច្ចុប្បន្នភាព សមាជិកបក្ស គ្រួសារបក្ស ក្រុមបក្សឲ្យបានជាក់លាក់ត្រូវមានបញ្ជីស្នាមច្បាស់លាស់។ បន្ថែមពីនេះ ប្រធានក្រុមការងាររូបនេះ បានណែនាំឲ្យ សមាជិកបក្សត្រូវផ្សព្វផ្សាយគោលនយោបាយបក្ស ក៏ដូចជាសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបានកសាង ហើយប្រាប់ពលរដ្ឋមិនត្រូវជឿតាមការសន្យាខ្យល់របស់គណបក្ស មួយចំនួននោះទេ។…